ព័ត៌មានទាន់ហេតុការណ៍៖

សូមអមអរសាទរទិវាឧទ្យានុរក្សពិភពលោក!

ចែករំលែក៖

ភ្នំពេញ៖ ទិវាឧទ្យានុរក្សពិភពលោកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែកក្កដា ដើម្បីរំលឹកដល់មន្រ្តីឧទ្យានុរក្ស(Rangers) ដែលត្រូវបានសម្លាប់ឬរងរបួសក្នុងបេសកកម្មនៃកាតព្វកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងដើម្បីអបអរសាទរការងារមន្រ្តីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញការងារដើម្បីការពារបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ពិភពលោក។ ក្នុងរយៈ ពេល ៨ ឆ្នាំចុងក្រោយនេះមានមន្ត្រីឧទ្យានុរក្សចំនួន ២ រូបបានទទួលរងគ្រោះថ្នាក់ដល់ជីវិតដោយសារតែក្រុមជនល្មើសបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងអំឡុងបំពេញបេសកកម្មដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។

ដើម្បីចូលរួមអបអរសាទរទិវាឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថានបានរៀបចំការផ្សព្វផ្សាយនូវសារសំខាន់ ព្រមទាំងបានផលិតជារូបភាព បទយកការណ៍ និងបទចម្រៀងអំពីតួនាទីភារកិច្ច និងការលះបង់របស់មន្ត្រីឧទ្យានុរក្សចំពោះបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់មន្ត្រីឧទ្យានុរក្សចំនួន ១០០ នាក់ដែលបានបំពេញការងារឆ្នើមផងដែរ។ បណ្ណសរសើរមេត្រីភាពបរិស្ថាននេះគឺជាភស្តុតាងបង្ហាញពីការលះបង់របស់មន្ត្រីឧទ្យានុរក្សចំពោះជាតិ និងធនធានធម្មជាតិ។ 

ប្រទេសកម្ពុជាបានប្រារព្ធទិវាឧទ្យានុរក្សប្រចាំឆ្នាំលើកដំបូងនៅឆ្នាំ ២០១៧ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធអង្គការជាតិនិងអន្តរជាតិ ព្រះសង្ឃពុទ្ធសាសនា និស្សិតសហគមន៍មូលដ្ឋានសាធារណជនទូទៅ និងវិស័យឯកជន។ គោលបំណងផ្សេងទៀតនៃការប្រារព្ធពិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់ឧទ្យានុរក្សនៅកម្ពុជានិងជម្រុញឱ្យសាធារណជនចូលរួមជាមួយឧទ្យានុរក្សក្នុងការការពារ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។ 

ទិវាឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង៖ ១) ផ្តល់គុណតម្លៃនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ ២)លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជាណាចក្រកម្ពុជា អំពីការតស៊ូលះបង់របស់មន្រ្តីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន។ ៣) ជំរុញនិងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានប្រកបដោយនិរន្តរភាព។

ក្រសួងបរិស្ថានបានលើកទឹកចិត្តស្ត្រីចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។ បច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សាស្ត្រីចំនួន ៤២នាក់ ស្ថិតក្នុងចំណោមន្ត្រីឧទ្យានុរក្សសរុប ១២០០នាក់ ដែលក្រសួងបរិស្ថានបានដាក់ពង្រាយតាមតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៥ ទាំងតាំងមានទំហំប្រមាណ ៧,៣លានស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ២១ ក្នុងប្រទេសកម្ពុជា។ ឧទ្យានុរក្សស្ត្រីទាំងនោះកំពុងបំពេញតួនាទីដូចនឹងឧទ្យានុរក្សបុរសដែរ ដូចជាការល្បាតក្នុងព្រៃ ការពង្រឹងការអនុវត្តច្បាប់ចុះបង្រ្កាបបទល្មើស និងការធ្វើការអប់រំផ្សព្វផ្សាយពីច្បាប់ និងសារៈប្រយោជន៍នៃធនធានធម្មជាតិ ជីវៈចម្រុះជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់សហគមន៍ការពារធម្មជាតិនានានៃប្រទេសកម្ពុជា។ 

ទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ដែលមានភាពអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិដែលកម្ពុជាមានសម្រាប់មនុស្សរាប់ជំនាន់ទៀត។ 

មន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃមិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទីឯកសណ្ឋានប៉ុណ្ណោះទេ តែជាឪពុកម្តាយដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ នៅពីក្រោយខ្នងនៃទេសភាពល្អស្អាត សម្រស់ធម្មជាតិព្រៃឈើ សត្វព្រៃ ដែលបងប្អូនប្រជាពលរដ្ឋបានទៅទស្សនាកម្សាន្តនៅក្នុងតំបន់ការពារធម្មជាតិនានា គឺដោយសារតែការលះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ឆ្លងកាត់រាល់គ្រប់ឧបសគ្គ របស់មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនិងរបៀង អភិរក្សជីវៈចម្រុះនានានៅកម្ពុជា! ជាការលះបង់ដែលត្រូវបាន ទទួលការគោរព និងកោតសរសើរ ហើយពួកគាត់ជាវីរជនបរិស្ថាននិងព្រៃឈើពិតប្រាកដ!ក្រៅពីជាឆ្មាំព្រៃ មន្ត្រីឧទ្យានុរក្សក៏ជាកូនចៅប្រជាជនជួយទុក្ខធុរៈប្រជាជន បម្រើប្រជាជន។

កម្ពុជាមានមោទកភាពចំពោះមន្ត្រីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលខ្លះប្រឈមនឹងការលះបង់អាយុជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ទេសភាពធម្មជាតិដ៏ស្រស់ស្អាតដែលលោកអ្នកបានទស្សនាកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានាកើតចេញពីកិច្ចខិតខំ ប្រឹងប្រែងដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃក្នុងការចុះល្បាត ការអនុវត្តច្បាប់បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ អប់រំនិងផ្សព្វផ្សាយ។ 

មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ក្រៅពីបំពេញតួនាទីជាឆ្មាំព្រៃការពារទីជម្រក ប្រភពចំណី និងទឹកសម្រាប់សត្វព្រៃ មន្ត្រីឧទ្យានុរក្សក៏បានចូលរួមក្នុងការសិក្សាចងក្រងទិន្នន័យអំពីជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិជាមួយមន្ត្រីជំនាញពីសត្វព្រៃផងដែរ។

 រយៈពេល៦ខែ ឆ្នាំ២០២១ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដូចគ្នា មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបបានចំនួន ១៤,៤២២លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤,២៣៨ករណី។ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ២,៤៦២គ្រឿង ដកហូតរថយន្តចំនួន ១៨២គ្រឿង គោយន្តចំនួន ៣០៨គ្រឿង ម៉ូតូចំនួន ៣៣៦គ្រឿង ត្រាក់ទ័រចំនួន ២៤គ្រឿង ឈើចំនួន ១,២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥,៥៩៦អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ដើម៕

ដោយ៖ សូរិយា


ចែករំលែក៖