ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈោ្មះ ក្រុមហ៊ុន ម៉ាកសូនីតា ហូលសេលីត ឯ.ក កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាង គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ក្រុមហ៊ុន ម៉ាកសូនីតា ហូលសេលីត ឯ.ក កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទ ដូចខាងក្រោម៖
១-AURA WHITE Night Cream
២-MS Detax Magic Mash
៣-Sunscreen Oil
៤-MS 3 Ways Whitening
៥-The Magic Mash
៦-MS Ampit Cleaning Spray
៧-DREAM FRESH B.B Korea
៨-ESSENCE BODY WHITE CREAM
៩-AJpha AJbutin
១០-ម្សៅរមៀត
១១-ESSENCE HYALURONIC
១២-Collagegen Powder X3
១៣-FIRMING PROJECT CREAM
១៤-VITA-C-AHA
ដែលគ្មានលេខប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវគឺមាន ២ផ្នែក

១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ

២-ផ្នែកខាងក្រោមមានលេខ ប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និង សុវត្ថិភាពបានឡើយ ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ក្រុមហ៊ុន ម៉ាកសូនីតាហូលសេលីត ឯ.ក ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើនេះទៅតាម ច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។

ក្នុងករណីបងប្អូនបានប្រទះឃើញជនណាកំពុងលក់ និងចែកចាយនូវផលិតផលខាងលើនេះ សូមបងប្អូនប្រញាប់ផ្ដល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខ ទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦៧៦០៕

ដោយ ៖ សិលា


ចែករំលែក៖