ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសប្រេស៊ីលចាប់បានគ្រឿងញៀនកូកាអុីន ១,៣តោនពីប្រទេសតួកគី

ចែករំលែក៖

យន្តហោះធុនតូចមួយគ្រឿងដឹកគ្រឿងញៀន១,៣តោនត្រូវក្រុមប៉ូលិសប្រឆាំងគ្រឿងញៀនចាប់បាននៅក្នុងអាកាសយានដ្ឋាន Fortaleza ក្នុងរដ្ឋ Ceara ស្ថិតនៅភាគឦសាននៃប្រទេសប្រេស៊ីល ក្រោយការហោះហើរចេញពីទីក្រុង Ribeirao Preto រដ្ឋ Sao Paulo ។
នៅថ្ងៃទី៤ ខែសីហា កម្លាំងប៉ូលិសប្រេស៊ីលបានឱ្យដឹងថា កម្លាំងប៉ូលិសបានរកឃើញគ្រឿងញៀនដល់ទៅ១,៣តោននៅលើយន្តហោះឯកជនមួយគ្រឿង ដែលហោះហើរចេញពីប្រទេសតួកគី ហើយគោលដៅចុងក្រោយគឺនៅទីក្រុង Brussels ប្រទេសបែលហ្សុិក។
តាមសារព័ត៌មានTTXVN បានផ្សាយថា យន្តហោះដឹកគ្រឿងញៀនត្រូវបានហាមប្រាមហោះហើរនៅអាកាសយានដ្ឋាន Fortaleza ក្នុងរដ្ឋ Ceara ក្រោយហោះហើរមកពីទីក្រុង Ribeirao Preto រដ្ឋ Sao Paulo ។ កម្លាំងប៉ូលិសប្រេស៊ីលបានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបានលាក់គ្រឿងញៀននៅក្នុងវ៉ាលិស ចំនួន២៤វ៉ាលិស។
កម្លាំងប៉ូលិសបានចាប់ខ្លួនមនុស្ស ម្នាក់ និងក្រុមអាកាសយានិក៤នាក់ដែលជាជនជាតិតួកគី បញ្ជូនទៅកាន់ស្នងការដ្ឋានប៉ូលិសដើម្បីសួរចម្លើយ។ប្រេស៊ីល មិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែជាទីតាំងកណ្តាលក្នុងការជួញដូរគ្រឿងញៀនយ៉ាងសំខាន់នៅលើពិភពលោក មកពីប្រទេសកូឡំប៊ី ប៉េរូ បូឡាវី និងប៉ារ៉ាហ្គាយ។
ក្រុមជួញដូរគ្រឿងញៀនតែងតែប្រើប្រាស់អាកាសយានដ្ឋាន កំពង់ផែ បណ្តាប្រទេសតំបន់អាមេរិកខាងត្បូងធ្វើជាទីតាំងកណ្តាលដើម្បីជួញដូរគ្រឿងញៀនចូលទៅកាន់ទឹកដីអាមេរិក និងអឺរ៉ុប៕

ដោយ៖ធីរីណា(ប្រភព៖duvarenglish.)


ចែករំលែក៖