ក្រសួងមហាផ្ទៃបារាំងបានប្រកាសឱ្យដឹងថា មានពលរដ្ឋដល់ទៅជាង២៣៧ពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្មនៅក្នុងទីក្រុងប៉ារីស និងទីក្រុងជាច្រើនទៀតដើម្បីប្រឆាំង នឹងការប្រើប្រាស់បណ្ណសុខភាព(Pass Santitaire) ហើយមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់គឺត្រូវតែចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ។
ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា បាតុកម្មបានកើតឡើងនៅទីក្រុង ដូចជាទីក្រុងប៉ារីស, ម៉ារសី, ណង់ត៍, ទូលូស៍… ។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ៣៥នាក់ និងមានអ្នករងរបួសស្រាល៧នាក់ផងដែរ ក្នុងនោះមានប៉ូលិសម្នាក់ក្រោយការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ។ បើប្រៀបធៀបនឹងកាលពីសប្តាហ៍កន្លងមក ពលរដ្ឋចូលរួមធ្វើបាតុកម្មបានកើនឡើង។
បណ្តាញព័ត៌មាន LCI បានផ្សាយថា បាតុកម្មមានសភាពកាន់តែតានតឹងនៅទីលាន Place de la Bastille ដោយបង្ខំឲ្យកម្លាំងប៉ូលិសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែងដើម្បីបំបែកហ្វូងបាតុករជ្រុលនិយម។
នេះជាសប្តាហ៍ទី៤ហើយ ដែលមានបាតុកម្ម នៅក្នុងប្រទេសបារាំងដើម្បីប្រឆាំងបណ្ណសុខភាព។ បាតុកម្មកើតឡើងក្រោយពេលដែល ប្រធានាធិបតីបារាំង លោកម៉ាក្រុង កាលពីដើមខែកក្កដា បានអំពាវនាវដល់ពលរដ្ឋបារាំងនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ បំប្លែងខ្លួនថ្មី។
កាលពីថ្ងៃទី ៥ខែសីហា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបារាំងបានអនុម័តបើកផ្លូវឱ្យអនុវត្តវិធានការ បណ្ណសុខាភិបាល ដែលនឹងអនុវត្តជាផ្លូវការនៅថ្ងៃទី៩ខែសីហា ។ ពលរដ្ឋបារាំងទាំងអស់ពេលចូលទៅហាងកាហ្វេ ភោជនីយដ្ឋាន មន្ទីរពេទ្យ មជ្ឈមណ្ឌលផ្សារទំនើប គឺត្រូវតែបង្ហាញបណ្ណសុខាភិបាល ឬលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ទើបអនុញ្ញាតឲ្យចូលទៅកាន់ទីនោះ៕
ដោយ៖ធីរីណា(រូបភាព៖Reuters)