ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនកងកម្លាំងចម្រុះ ទិសទី១ បន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះពិនិត្យការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនកងកម្លាំងចម្រុះ ទិសទី១ បន្ទាយមានជ័យ ដោយក្រុមរថយន្តចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យ របស់កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលបានដំណើរការចល័តចាក់ចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង ជាង១៥០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា កងកម្លាំងចម្រុះជួរមុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) រួមមានស្ថាប័នកងទ័ពចំនួន ៩អង្គភាព រួមជាមួយនគរបាលការពារព្រំដែនគោក សរុបរួមចំនួន ១០អង្គភាព ដែលបានដំណើរការចាក់ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់ម៉ោង១៦:០០នាទីរសៀល បានបញ្ចប់តាមផែនការថ្នាក់លើ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ យុទ្ធនាការចាក់វ៉ាក់សាំងជូនកងកម្លាំងជួរមុខអោយបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងបំពេញប្រតិបត្តិការបិទខ្ទប់ជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ គិតមកដល់ពេលនេះរយ:ពេលជាង៨ខែមកហើយ។

ក្នុងនាមថ្នាក់ដឹកនាំយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសទី១ យោធភូមិភាគទី៥ទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យ ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖