ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅក្នុងប្រទេសអង់គ្លេស ស្លាប់៦នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៦នាក់ស្លាប់ដែរក្នុងការបាញ់ប្រហារ កើតឡើងនៅទីក្រុង Plymouth ស្ថិតនៅភាគខាងត្បូងប្រទេសអង់គ្លេស។ ជនរងគ្រោះក្នុងការបាញ់ប្រហារនោះ មានស្ត្រី៣នាក់និងបុរស៣នាក់ ក្នុងនោះក៏មានជនដៃដល់ដែរ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស បានចាត់ទុកការបាញ់ប្រហារនោះមិនមែនជាការវាយប្រហារភេរវកម្មឡើយ។
តាមការលើកឡើងរបស់កម្លាំងប៉ូលិសក្នុងតំបន់ Devon បានឱ្យដឹងថា កម្លាំងប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗក្រោយការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី ១២ខែសីហា(ពេលវេលាក្នុងតំបន់)។
ពេលទៅដល់កន្លែងកើតហេតុប៉ូលិសបានរកឃើញបុរស២នាក់និងស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង។ ប៉ូលិសក៏បានរកឃើញបុរសម្នាក់ទៀតដែលសន្និដ្ឋានថាជាជនដៃដល់។ ចំណែកជនរងគ្រោះម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ អត្តសញ្ញាណជនរងគ្រោះនៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។
ពលរដ្ឋនៅក្នុងតំបន់កើតហេតុឈ្មោះ Sharron Turner បានលើកឡើងថា ជនបាញ់ប្រហារស្លៀតឈុតពណ៌ប្រផេះ បានធាក់ទម្លុះទ្វារបាញ់សម្លាប់ម្តាយនិងកូន ។ ក្រោយមកជនដៃដល់ក៏ចេញទៅក្រោយផ្ទះបាញ់សម្លាប់អ្នកដំណើរ២នាក់ដែលកំពុងដឹកឆ្កែ ដើរកម្សាន្ត។ ជនដៃដល់បន្តរត់ទៅកាន់រមណីយដ្ឋាន ហើយបន្តបាញ់ប្រហារទៀត៕

ដោយ៖ធីរីណា(រូបថត៖Global News+BPM Media)


ចែករំលែក៖