ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ រថយន្តក្រុងផ្ទុះកណ្តាលទីក្រុង ស្លាប់និងរបួសជិត២០នាក់

ចែករំលែក៖

រថយន្តក្រុងមួយគ្រឿងបានផ្ទុះនៅកណ្តាលទីក្រុង Voronezh ស្ថិតនៅភាគកណ្តាលនៃប្រទេសរុស្ស៊ី បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី១២ខែសីហា ។ ក្នុងពេលផ្ទុះមានមនុស្សប្រមាណ៣០នាក់នៅលើរថយន្ត។
តាមរូបភាពវីដេអូបង្ហាញឱ្យឃើញថា រថយន្តក្រុងចតនៅសុខៗ ក៏ស្រាប់តែផ្ទុះឡើងបណ្តាលឲ្យខូចខាតយ៉ាងខ្លាំង ។ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដោយសាររងរបួសធ្ងន់ ។ ជាមួយគ្នានោះក៏មានមនុស្ស ១៨នាក់រងរបួសធ្ងន់ផងដែរ ក្នុងនោះមាន៣នាក់ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យរថយន្តក្រុងនោះផ្ទុះនៅឡើយទេ តើជាការវាយប្រហារភេរវកម្មឬយ៉ាងណា?
សារព័ត៌មាន RT បានផ្សាយថា ក្រុមសន្តិសុខកំពុងតែបើកការស្រាវជ្រាវពីមូលហេតុនៃការផ្ទុះខាងលើ ។ ក្រុមអ្នកជំនាញបានស្រាវជ្រាវលើកត្តា៣ ក្នុងនោះមានបញ្ហាបច្ចេកទេស ឬអ្នកដំណើរនាំរំសេវផ្ទុះឡើងលើរថយន្ត ឬក៏ជាការវាយប្រហារភេរវកម្ម។
លោក Aleksandr Gusev មន្ត្រីក្នុងតំបន់ Voronezh បានទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យស្ថានភាព ។ លោកក៏បានស្នើដល់រថយន្តក្រុងផ្សេងទៀត ត្រូវត្រួតពិនិត្យអ្នកដំណើរមុនឡើងលើរថយន្ត និងត្រូវតែផ្តល់ព័ត៌មានបើមានវត្ថុអាចបង្កឲ្យផ្ទុះណាមួយត្រូវបានអ្នកដំណើរយកតាមខ្លួនឡើងលើរថយន្ត៕

ដោយ៖ ធីរីណា(រូបថត៖Instagram+Telegram)


ចែករំលែក៖