ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិនមួយក្រុម ក្រោយចាប់ជនជាតិចិនដូចគ្នាដាក់ចូលក្នុងរថយន្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង ០១ និង៤៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនមនុស្សប្រុស-ស្រីជាជនជាតិចិនចំនួន០៤ នាក់ ដែលនាំគ្នាធ្វើសកម្មភាពចាប់បុរសម្នាក់ ជាជនជាតិដូចគ្នា បង្ខំឲ្យចូលក្នុងរថយន្ត មួយគ្រឿងម៉ាក់ PORSCHE ពណ៌សរ៊ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2106 នៅតាមបណ្តោយវិថីឯករាជ្យ ចំណុចស្តុប សូរិយាតូច ស្ថិតក្នុងភូមិ០២ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុគេប្រទះឃើញ ជនជាតិចិនប្រុស-ស្រី ចំនួន ០៤នាក់ បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ទៀត ចូលក្នុងរថយន្ត ដោយពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយនោះទេ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងឈរជើងនៅតាមគោលដៅចរាចរណ៍ក្បែរនោះ ក៏សហការគ្នាជាមួយសមត្ថកិច្ចព្រហ្មទណ្ឌក្រុងព្រះសីហនុ បានចេញអន្តរគមន៍ឃាត់ខ្លួនក្រុម ជនជាតិចិនខាងលើនោះបានតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យមួយក្រុមដែលជាជនជាតិចិន ទាំងនោះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល ខេត្តព្រះសីហនុ ឃាត់ខ្លួនយកទៅសួរនាំចម្លើយនិងបន្តតាមនីតិវិធី ៕

ដោយ ៖សហការី


ចែករំលែក៖