ព័ត៌មានទាន់ហេតុការណ៍៖

វីរុសបំប្លែងថ្មីដែលតាឆ្លងខ្លាំងនៅ រដ្ឋOrengon សហរដ្ឋអាមេរិក, ពលរដ្ឋបារាំងនាំគ្នាទៅចាក់វ៉ាក់សាំង ក្រោយអនុវត្តបណ្ណសុខភាព

ចែករំលែក៖

អភិបាលរដ្ឋ Orengon សហរដ្ឋអាមេរិក លោកស្រី Kate Brown បានឱ្យដឹងថា លោកស្រីនឹងដាក់ពង្រាយកម្លាំងទាហានប្រមាណ១៥០០នាក់ ដើម្បីជួយដល់ បណ្តាមន្ទីរពេទ្យក្នុងរដ្ឋនេះដែលពេញទៅដោយអ្នកជំងឺកូវីដ-១៩។ ការឆ្លងរាលដាលកើនឡើងខ្ពស់ដោយសារតែវីរុសបំប្លែងថ្មីដែលតា។
លោកស្រី Brown បានបញ្ជាក់ថា
«ដើម្បីជួយដល់មន្ទីរពេទ្យដែលមានអ្នកជំងឺលើសចំនួនដោយសារតែការឆ្លងវីរុសបំប្លែងថ្មីដែលតា ខ្ញុំនឹងដាក់ពង្រាយកម្លាំងទាហាន៥០០នាក់ ក្នុងដំណាក់កាលទីមួយទៅជួយដល់មន្ទីរពេទ្យ ហើយក្នុងពេលខាងមុខនឹងត្រូវដាក់ពង្រាយបន្ថែមទៀតក្នុងពេលចាំបាច់។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិករកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅ ១៥៥,២៩៧នាក់និងអ្នកជំងឺ៧៦៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា ។ សរុបនៅទូទាំងសហរដ្ឋអាមេរិកអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ ៣៧,៣៦៤,៧០០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣៧,១៦១នាក់ និងជាសះស្បើយឡើងសរុប ៣០.១៣លាននាក់។
ដោយឡែកនៅក្នុងប្រទេសបារាំង ដែលបានអនុវត្តបណ្ណសុខាភិបាលនោះ នៅពេលនេះមានពលរដ្ឋបារាំងដែលមានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង បានទៅឈរតម្រង់ជួរគ្នាដើម្បីទទួលការចាក់វ៉ាក់សាំងហើយ ខណៈដែលអាជ្ញាធរបានចេញវិធានការរឹតបន្តឹងលើបណ្ណសុខភាព ដែលត្រូវការជាចាំបាច់ សម្រាប់ការចូលទៅបរិភោគតាមភោជនីយដ្ឋាន ការធ្វើដំណើរតាមរថភ្លើង និងការចូលទៅកាន់កន្លែងសាធារណៈផ្សេងៗទៀត ដូចជា ក្លិបកម្សាន្ត រោងភាពយន្ត ផ្សារទំនើប…ជាដើម។
ចាប់ពីសប្តាហ៍នេះតទៅ ប្រជាពលរដ្ឋបារាំងត្រូវតែបង្ហាញបណ្ណសុខភាពនៅតាមទីសាធារណៈ ដែលបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងរួចរាល់ ឬបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ក្នុងអំឡុងពេលថ្មីៗនេះ។ ប៉ុន្តែដោយសារតែការធ្វើតេស្តដោយឥតគិតថ្លៃនឹងមិនមានទៀតទេចាប់ពីខែតុលាខាងមុខនេះតទៅ ធ្វើឱ្យមនុស្សជាច្រើនបានទៅឈរតម្រង់ជួរគ្នានៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ដើម្បីទទួលបានបណ្ណសុខភាព ហើយអាចបន្តសកម្មភាពរស់នៅរបស់ពួកគេបានដូចធម្មតា។
រហូតមកទល់ពេលនេះ ប្រទេសបារាំង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៦.៤២លានករណីហើយ ក្នុងនោះអ្នកស្លាប់ជាង ១១២,៥០០នាក់ និងអ្នកជាសះស្បើយ ៥.៨៦លាននាក់។ ប្រជាជនបារាំងជាង ៤៥លាននាក់ហើយ ក្នុងចំណោមប្រជាជនសរុបជាង ៦៥លាននាក់បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូស៕

ដោយ៖ធីរីណា(រូបភាព៖Zing news)


ចែករំលែក៖