ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ជួបមិត្តដ៏ល្អ និងជិតស្និទ្ធរបស់កម្ពុជាម្នាក់ ជាអ្នកនយោបាយល្បីរបស់កូរ៉េពីគណបក្សប្រជាធិបតេយ្យ !

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោក ឡុង ឌឺម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានថ្លែងថា៖ លោក Kim Jin-pyo ជាមិត្តភក្កិដ៏ល្អ និងជិតស្និទ្ធរបស់កម្ពុជាម្នាក់ ជាអ្នកនយោបាយល្បីរបស់កូរ៉េពីគណបក្សប្រជាធិបតេយ្យដែលកំពុងដឹកនាំរដ្ឋាភិបាល ជាអតីតឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ ហើយបច្ចុប្បន្នជាតំណាងរាស្ត្រ និងធ្លាប់ជាប្រធានសមាគមមិត្តភាពកម្ពុជា-កូរ៉េ។

លោកទូតបន្តថា៖ គាត់ធ្លាប់ចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតតំណាងរាស្ត្រនៅកម្ពុជាកាលពីឆ្នាំ ២០១៣ ហើយបានដឹកនាំក្រុមការងារគាត់ចេញជារបាយការណ៍វាយតម្លៃលទ្ធផលបោះឆ្នោតកាលនោះ ដោយបញ្ជាក់ពីភាពត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបាន។

លោក ឡុង ឌឺម៉ង់ បន្តថា៖ គាត់បានវាយតម្លៃពីកិច្ចការងាររបស់ខ្ញុំជាឯកអគ្គរដ្ឋទូតកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរ ឲ្យកាន់តែរឹងមាំនឹងវិវឌ្ឍទៅមុខប្រកបដោយផ្លែផ្កា។ គាត់រង់ចាំផ្ដល់កិច្ចសហការគាំទ្រដល់លោកស្រីឯកអគ្គរាជទូតកម្ពុជាថ្មី នាពេលដ៏ឆាប់ខាងមុខនេះ៕

ដោយ៖ សុខ ខេមរា

 


ចែករំលែក៖