ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Manchester United បំបាក់ Leeds United ៥-១ ថ្ងៃបើកឆាក Premier League រដូវកាលថ្មី

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានស្វែងរកជ័យជម្នះយ៉ាងល្អក្នុងថ្ងៃបើកឆាករដូវកាលថ្មី២០២១២០២២ ដោយបានយកឈ្នះទៅលើក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៥ទល់១ កាលរាត្រីថ្ងៃទី១៤ សីហាម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៥ សីហានេះ។

ការប្រកួតបើកឆាកដំបូងក្រុមម្ចាស់ផ្ទះបិសាចក្រហម Man Utd បានព្យាយាមសម្រុកយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវ ។ មិនយូរប៉ុន្មានខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes របស់ក្រុមបិសាចក្រហមរកបាន១គ្រាប់នាំមុខនៅនាទីទី៣០ ពីការបញ្ជូនបាល់យ៉ាងល្អពី Paul Pogba ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់តង់ទី១។

ចូលដល់ការប្រកួតតង់ទី២ ក្រុមម្ចាស់ផ្ទះនៅតែមានឱកាសសម្រុកបន្ថែមទៀតនៅមុខទីក្រុម Leeds United ប៉ុន្តែនៅតែអ្នកចាំទីជួយសង្គ្រោះបាន។ នៅនាទីទី៤៩ កីឡាករ Ayling របស់ក្រុម Leeds United បានស៊ុតបាល់យ៉ាងល្អផុតដៃអ្នកចាំទីក្រុម Man Utd ចូលទីបាន១គ្រាប់សងវិញ ធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១។

ការស៊ុតបញ្ចូលទី១គ្រាប់ពីកីឡាករក្រុម Leeds United មិនបានប៉ុន្មាននាទីផង ខ្សែប្រយុទ្ធរបស់ Man Utd កីឡាករ Greenwood រកបាន១គ្រាប់បន្ថែមទៀតដែលជាការបញ្ជូនបាល់យ៉ាងល្អពី  Pogba ដដែលនៅនាទីទី៥២។ ២នាទីក្រោយមកគឺនៅនាទីទី៥៤ និងនៅនាទីទី៦០ ខ្សែបម្រើឆ្នើម Bruno Fernandes រកបានគ្រាប់បន្ថែមទៀតធ្វើឲ្យក្រុមបិសាចក្រហមនាំមុខទល់១ ហើយ Pogba ក្លាយជាកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតយ៉ាងអស្ចារ្យទាំង៣គ្រាប់។

ចូលដល់នាទីទី៦៨ ខ្សែបម្រើ Fred រកបាន១គ្រាប់ឲ្យក្រុមបិសាចក្រហមទៀត ធ្វើឲ្យលទ្ធផលជ័យជម្នះយ៉ាងធំធេង៥ទល់១ ក្នុងថ្ងៃបើកឆាករដូវកាលថ្មីយ៉ាងអស្ចារ្យសម្រាប់បិសាចក្រហម។

ការស៊ុតបាល់បញ្ចូលទី៣គ្រាប់របស់ Bruno Fernandes បានធានាថាក្រុមបិសាចក្រហមបានឈ្នះការប្រកួតពីជ័យជម្នះ ៥-១ របស់ Manchester United ទល់នឹង Leeds នៅ Old Trafford ប៉ុន្តែការរួមចំណែករបស់ Paul Pogba គឺសំខាន់ជាងខ្លាំងណាស់

ជ័យជម្នះនេះធ្វើឲ្យក្រុមបិសាចក្រហម Manchester United ឡើងឈរលេខ១បណ្តោះអាសន្នក្នុង១ប្រកួតដូចគ្នា ព្រោះក្រុមនេះមានគ្រាប់បាល់ចំណេញ៤គ្រាប់ ច្រើនជាងក្រុមលេខ២ Chelsea និង Liverpool ដែលមាន៣គ្រាប់ដូចគ្នា។

សម្រាប់ក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Southampton នៅថ្ងៃទី២២ ខែសីហាខាងមុខបន្តទៀត ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលថ្មីនេះ។ ចំណែកក្រុមបាតតារាង Leeds United នឹងត្រូវប៉ះក្រុម Everton នៅថ្ងៃទី២២ ខែសីហាដែរក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖