ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ២០ឆ្នាំនៃការគ្រប់គ្រងអាហ្វហ្គានីស្ថានរបស់ប្រទេសលោកខាងលិចត្រូវបានដួលរលំក្នុងពេលតែមួយថ្ងៃ

ចែករំលែក៖

រយៈពេល២០ឆ្នាំនៃការធ្វើសង្គ្រាមរបស់ប្រទេសលោកខាងលិចដឹកនាំដោយអាមេរិក ត្រូវបានដួលរលំក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ក្រោយក្រុមតាលីបង់ដណ្តើមបានរដ្ឋធានីកាប៊ុលនៅយប់ថ្ងៃទី១៥ខែសីហា ដោយមិនមានការផ្ទះអាវុធមួយគ្រាប់ណាឡើយ។ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកAshraf Ghani បានចាកចេញពីប្រទេសនេះដោយមិនមានការតស៊ូឬបង្ហូរឈាមឡើយ។
មនុស្សជាច្រើនបានដាក់សំណួរសួរថា ហេតុអ្វីបានជាក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងប្រទេសទាំងមូលបានយ៉ាងងាយស្រួលដោយមិនមានការតស៊ូវាយប្រហារគ្នាខ្លាំងបែបនេះ? អ្វីដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺផ្ទុយទាំងស្រុងពីការលើកឡើងរបស់ក្រុមអ្នកឯកទេសថានឹងមានការបង្ហូរឈាមជាទ្រង់ទ្រាយធំក្នុងពេលអាមេរិកដកទាហានចេញ ហើយក្រុមតាលីបង់វាយប្រហារដណ្តើមគ្រប់គ្រងរដ្ឋធានី។
ក្រោយរយៈពេល២០ឆ្នាំធ្វើសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កម្លាំងទាហានបរទេសដឹកនាំដោយអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់ ដែលជាក្រុមអាមេរិកបានផ្តួលរំលំកាលពីឆ្នាំ២០០១។ តាមកិច្ចព្រមព្រៀងនោះ ក្រុមតាលីបង់បានសន្យាថា នឹងមិនទុកឲ្យអាហ្វហ្គានីស្ថាន ក្លាយជាទីតាំងសម្រាប់ក្រុមភេរវកម្ម គំរាមកំហែងប្រទេសលោកខាងលិចនោះឡើយ។
រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោកបៃឌីន បានប្រកាស ដកទាហានបរទេសទាំងអស់ចេញពីប្រទេសនេះនៅថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០២១ ។ ក្នុងពេលដែលអាមេរិកប្រកាសដកទាហានចេញ កម្លាំងទាហានក្រុមតាលីបង់ បានដណ្តើមគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានជាបន្តបន្ទាប់។
សារព័ត៌មាន New York Times បានផ្សាយថា ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ កម្លាំងទាហានក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រង់ទីក្រុងចំនួន១៥ ដោយមិនចំណាយកម្លាំងឡើយ ឬក៏ប៉ះទង្គិចជាមួយកម្លាំងទាហាន កម្លាំងសន្តិសុខនៅតាមទីក្រុងនោះទេ ។
ការដណ្តើមទីតាំងគ្រប់គ្រងរបស់ក្រុមតាលីបង់ គឺលឿនលើសពីអ្វីដែលគេស្មាន ដោយសារតែកម្លាំងទាហាននិងប៉ូលិសក្នុងប្រទេសនេះ បានចុះចាញ់ដោយមិនចាំបាច់វាយប្រហារគ្នា ។ ក្រុមតាលីបង់គ្រប់គ្រងបានឃ្លាំងអាវុធ មានឧទ្ធម្ភាគចក្រ និងអាវុធទំនើបៗជាច្រើនមានតម្លៃរាប់រយលានដុល្លារ។ ជ័យជម្នះរបស់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដូចជាការរៀបចំជាមុន មុនពេលទាហានអាមេរិកដកចេញអស់ពីប្រទេសនេះ។
ពលរដ្ឋនៅក្នុងទីក្រុងកាប៊ុលមិនជឿនូវអ្វីដែលក្រុមតាលីបង់បានសន្យា ក្នុងនោះមានក្រុមសិទ្ធិមនុស្សការពារផលប្រយោជន៍របស់ស្ត្រី ដែលអតីតរដ្ឋាភិបាលតាលីបង់គ្រប់គ្រងកាលពី២០ឆ្នាំមុនមិនមានឡើយ ។ កត្តាទាំងនោះហើយបានជាពលរដ្ឋនៅរដ្ឋធានីកាប៊ុលនាំគ្នាសម្រុកចាកចេញពីទីក្រុង ប្រជ្រៀតគ្នានៅអាកាសយានដ្ឋានដើម្បីបានឡើងយន្តហោះចាកចេញពីប្រទេសនេះ។
នៅថ្ងៃទី១៥ខែសីហា ជារដ្ឋកាលឡើងកាន់អំណាចដឹកនាំប្រទេសរបស់ក្រុមតាលីបង់ជាលើកទីពីរចាប់ផ្តើមឡើង។ ថ្នាក់ដឹកនាំក្រុមតាលីបង់ បានប្រកាសពីជ័យជម្នះ ក្រោយការតស៊ូរយពេល២០ឆ្នាំ ទីបំផុតក៏ទទួលបានលទ្ធផលហើយ។
ក្រុមតាលីបង់បានប្រកាសថា «ទាហានរបស់យើងមិនវាយប្រហារចូលរដ្ឋធានីកាប៊ុលឡើយ យើងខ្ញុំចង់ឲ្យផ្លាស់ប្តូរអំណាចដោយសន្តិភាព ។ ប៉ុន្តែក្រោយថ្នាក់ដឹកនាំរដ្ឋាភិបាលបានចាកចេញ ពីប្រទេស ភាពចលាចលក៏បានកើតឡើងក្នុងទីក្រុង។ ក្រុមតាលីបង់ក៏បានប្រកាសនិងបញ្ជូនកម្លាំងចូលរដ្ឋធានីដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់។
មនុស្សជាច្រើនបានលើកឡើងថាហេតុអ្វីបានជាអាមេរិកបោះបង់អាហ្វហ្គានីស្ថានក្រោយពេល២០ឆ្នាំ ទុកឲ្យក្រុមតាលីបង់ឡើងគ្រប់គ្រងវិញ តើអាមេរិកមានគោលបំណងបែបណាដែរ?
ក្រុមអ្នកឯកទេសវិភាគពីព្រឹត្តិការណ៍សន្តិសុខ នយោបាយអន្តរជាតិ បានលើកឡើងថា អាមេរិកមានហេតុផលរបស់ខ្លួន ទើបឲ្យក្រុមតាលីបង់រស់ឡើងវិញ ហើយរដ្ឋាភិបាលអាហ្វហ្គានីស្ថានក៏ចុះចេញវិញដោយសន្តិភាព ។ អាមេរិកមានផលប្រយោជន៍នយោបាយជាច្រើនទៀតប្រសិនបើក្រុមតាលីបង់រស់ឡើងហើយខ្លាំងជាងមុន។
កាលពីសង្គ្រាមវាយប្រហារក្រុមភេរវកម្មរដ្ឋអ៊ិស្លាមនៅអុីរ៉ាក់និងស៊ីរី ទាហានអាមេរិកបានទម្លាក់ជំនួយមានស្បៀងអាហារ អាវុធ គ្រាប់រំសេវជាច្រើនទៅឲ្យក្រុម ភេរវកម្មIS ។ ក្រោយបែកធ្លាយព័ត៌មាន ទាហានអាមេរិកឆ្លើយថា ជាការទម្លាក់កញ្ចប់ជំនួយច្រឡំតែប៉ុណ្ណោះ ។ ទាំងនោះហើយបង្កឲ្យមានការសង្ស័យថា ក្រុមភេរវកម្ម គឺជាកូនចៅដែលអាមេរិកបង្កើតឡើងដើម្បីបំផ្លាញតំបន់មជ្ឈិមបូព៌ា គំរាមកំហែងដល់ប្រទេសដែលអាមេរិកចាត់ទុកថាជាសត្រូវ។ ទាំងនោះហើយបានជាសង្គ្រាមវាយប្រហារក្រុមភេរវកម្មរដ្ឋអ៊ិស្លាមរបស់អាមេរិកមិនមានការរីកចម្រើនមានតែថយចុះ។ ប៉ុន្តែក្រោយពេលរុស្ស៊ីលូកដៃចូលក្នុងសង្គ្រាមវាយប្រហារនោះបានយកឈ្នះក្រុមភេរវកម្មក្នុងរយៈពេលខ្លីប៉ុណ្ណោះ ធ្វើឲ្យនយោបាយសម្ងាត់របស់អាមេរិកនៅមជ្ឈិមបូព៌ារលាយ។
កត្តាទាំងនោះហើយបានជានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រុមទាហានខិតខំដណ្តើមការគ្រប់គ្រងឲ្យបានមុនពេលទាហានអាមេរិកដកចេញ ដោយខ្លាចមានប្រទេសផ្សេងទៀត ដូចជារុស្ស៊ីជ្រៀតជ្រែកចូលជួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងបង្កការស្មុគស្មាញ ។
អ្នកវិភាគបានលើកឡើងថាអាមេរិកមានចេតនារក្សាតាលីបង់ ដើម្បីបំពេញនយោបាយផ្សេងទៀតរបស់ខ្លួន។ «ធ្វើបងធំ គឺត្រូវតែមានក្រុមដៃឆៅជាកូនចៅទើបជួយសម្រេចគោលដៅ ឬជួយរក្សាគ្រឹះបានល្អ»៕ដោយ៖ធីរីណា

រូបភាព៖ Reuters

រូបភាព៖ NY Times


ចែករំលែក៖