ក្រសួងពាណិជ្ជកម្មសិង្ហបុរី បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានលើកឡើងពីគម្រោងបើកទ្វារទទួលអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់។
សារព័ត៌មាន Bloomberg បានដកស្រង់សម្តីលោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីដែលបានឱ្យដឹងថា «យើងកំពុងតែស្រាវជ្រាវលើវិធានការបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសមកពីអង់គ្លេស អាមេរិក និងអូស្ត្រាលី មកកាន់សិង្ហបុរីសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់»។
សិង្ហបុរីនឹងចាប់ផ្តើមកម្មវិធីទទួលអ្នកទេសចរសាកល្បងចំពោះប្រទេសមួយចំនួន និងអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ លោក Gan Kim Yong បានបញ្ជាក់ថា ការបើកទ្វារដំណើរការឡើងវិញ អាស្រ័យទៅលើស្ថានភាពនៃកូវិដ-១៩ នៅលើពិភពលោក ។
លោក Gan Kim Yong បញ្ជាក់ថា «យើងត្រូវការពិភពលោកទាំងមូលគ្រប់គ្រងបានការឆ្លងកូវីដ-១៩ទាំងស្រុង ដោយសិង្ហបុរីគឺជាប្រទេសមានសេដ្ឋកិច្ចបើកចំហ ។ វ៉ាក់សាំងមានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ -១៩ នៅទូទាំងពិភពលោក»។
តាមគម្រោងដល់ខែកញ្ញាឆ្នាំ២០២១នេះ សិង្ហបុរីនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋដូសទីពីរបាន យ៉ាងតិច៨០%។ ក្នុងពេលនោះរដ្ឋាភិបាលនឹងកាត់បន្ថយការរឹតត្បិត អនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរចុះឡើងដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ។ បច្ចុប្បន្នសិង្ហបុរីបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៧៦%ហើយ៕
ដោយ៖ ធីរីណា(រូបភាព៖Reuters )