ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាទណ្ឌិតម្នាក់​ដែលមានទោសពីបទជួញដូរគ្រឿងញៀន​ត្រូវនគរបាលប៉ុស្ដិ៍ច្បារអំពៅ២​ ឃាត់ខ្លួនតាមដីកាតុលាការ

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ​បានធ្វេីការឃាត់ខ្លួនទណ្ឌិតម្នាក់នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

    លោកវរសេនីយ៍ត្រី​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាល​ច្បារអំពៅ២​ បានបញ្ជាក់ឱ្យដឹងថា​ ការឃាត់ខ្លួនស្ត្រីជាទណ្ឌិតខាងលេីនេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ០០៥ អ.យ.ត ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ចេញដោយលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បង្គាប់ឱ្យចាប់ខ្លួនឈ្មោះលាស់ វិន ហៅតាំ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជានីតិជន ទោសពីមុនៈ គ្មាន។

ប្រភេទទោសតាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ៖ ទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ និងពិន័យជាប្រាក់៤.០០០.០០០រៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ២៤៣ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩  ខែធ្នូ ឆ្នាំ២០១៤។

    បច្ចុប្បន្ន​ ទណ្ឌិតខាងលេីនេះ​ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖