ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះបានធ្វេីការឃាត់ខ្លួនទណ្ឌិតម្នាក់នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលច្បារអំពៅ២ បានបញ្ជាក់ឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីជាទណ្ឌិតខាងលេីនេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ០០៥ អ.យ.ត ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ចេញដោយលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួនឈ្មោះលាស់ វិន ហៅតាំ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជានីតិជន ទោសពីមុនៈ គ្មាន។
ប្រភេទទោសតាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ៖ ទោសដាក់ពន្ធនាគារកំណត់២ឆ្នាំ និងពិន័យជាប្រាក់៤.០០០.០០០រៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ២៤៣ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤។
បច្ចុប្បន្ន ទណ្ឌិតខាងលេីនេះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ