ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកថយចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ខែកន្លងមក

ចែករំលែក៖

ក្រសួងការងារអាមេរិកនៅថ្ងៃទី ១៩ខែសីហា បានប្រកាសថា ចំនួនពលរដ្ឋដែលបានដាក់លិខិតសុំជំនួយព្រោះអត់ការងារធ្វើបានថយចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ខែកន្លងមក ។ ទាំងនោះបង្ហាញឲ្យឃើញពីការងារធ្វើនៅអាមេរិកបានកើនឡើងវិញហើយ បើទោះបីចំនួនអ្នកឆ្លងកូវីដ-១៩ នៅកើនឡើងខ្ពស់ក្តី។

តាមរបាយការណ៍ ចំនួនពលរដ្ឋអត់ការងារធ្វើក្នុងខែសីហាបានថយចុះខ្លាំងមិនធ្លាប់មានចាប់តាំងពី ខែមីនាឆ្នាំ២០២០ ក្នុងពេលដែលបណ្តាក្រុមហ៊ុនអាមេរិកបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ចំនួនលិខិតស្នើសុំជំនួយអត់ការងារធ្វើនៅអាមេរិកបានថយចុះ២៩.០០០ គឺនៅសល់តែ ៣៤៨.០០០ប៉ុណ្ណោះ ដោយសារតែពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយក្រុមហ៊ុនបានដំណើរការឡើងវិញសម្រាប់បុគ្គលិកដែលបានចាក់វ៉ាក់សាំងរួច ។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិករកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៥៤,៩១៧នាក់ទៀត ខណៈដែលអ្នកជំងឺ ៩៦៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ ៣៨,២៣១,៧៨៧នាក់ ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៤៣,១១២នាក់ និងជាសះស្បើយឡើងសរុប ៣០.៤លាននាក់។
នៅចំពោះមុខនៃការកើនឡើងករណីឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក រដ្ឋចំនួន៥ ត្រូវបានគេរាយការណ៍ថា កំពុងមើលឃើញកំណើនអ្នកជំងឺចូលសម្រាកនៅក្នុងមន្ទីរពេទ្យមានដូចជា រដ្ឋ Florida,Louisiana,Hawaii, Oregon និង Mississippi។ រដ្ឋទាំង៥នេះក៏ទើបតែជួបប្រទះចំណុចកំពូលថ្មី នៃចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃផងដែរ។ ដោយឡែកអត្រាឆ្លង COVID-19 នៅតាមពន្ធនាគារបានកើនឡើង ៣៤%ផងដែរ៕ដោយ៖ធីរីណា

រូបភាព៖AP

រូបភាព៖Reuters.

 


ចែករំលែក៖