ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកសម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋជិត៥ពាន់លានដូសហើយ

ចែករំលែក៖

មកទល់ពេលនេះនៅលើពិភពលោកមានពលរដ្ឋ ៣២,២% ទទួលបានការចាក់វ៉ាក់សាំង យ៉ាងតិច១ដូសនិងពលរដ្ឋ២៤,២% ទទួលបានការចាក់វ៉ាក់សាំង គ្រប់២ដូស ក្នុងចំណោមពលរដ្ឋសរុបនៅលើពិភពលោកជាង ៧,៨ពាន់លាននាក់។
បើគិតចំនួនវ៉ាក់សាំងវិញមានដល់ទៅ ៤,៨៨ពាន់លានដូសបានចាក់ជូនពលរដ្ឋជុំវិញពិភពលោក ដោយក្នុងមួយថ្ងៃៗចាក់បានជាង ៣៥,៨៨លានដូស។ ចិនគឺជាប្រទេសដែលចាក់វ៉ាក់សាំងបានច្រើនដូសបំផុតជូនពលរដ្ឋរបស់ខ្លួន។
គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ១.៩១ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់២០លានដូសឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។
សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរប្រភេទនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕

ដោយ៖ធីរីណា(រូបភាព៖TTXVN )


ចែករំលែក៖