ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យញៀនថ្នាំម្នាក់ មកដល់ផ្ទះវាយប្រពន្ធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យញៀនថ្នាំម្នាក់ ដើរលេងមកដល់ផ្ទះបង្កជម្លោះជាមួយប្រពន្ធកូននិងអ្នករស់នៅជិតខាងត្រូវកងកំលាំងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

  លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសចុះបង្ក្រាបបានបញ្ជាក់ថា បន្ទាប់ពីទទួលបានតាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ ឈ្មោះ យ៉េត លីន អាយុ៣៤ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្ដឹងជនសង្ស័យជាប្ដី ឈ្មោះ ឡេង លឿង អាយុ៤១ឆ្នាំ ។ នេះបើតាម លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាជនសង្ស័យខាងលើ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានចាត់តាំងកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងកងអន្តរាគមន៍ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាំង សុភ័ក្រ ចុះឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះប្រពន្ធព្រមទាំងដកហូតបានកាំបិតដងឈើប្រវែង២៨សង់ទីម៉ែត្រចំនួន១ដើម រួចនាំខ្លួនយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ ។

ក្នុងនោះលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីកម្លាំងការិយាល័យជំនាញសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានជក់ថ្នាំញៀនជាយូរឆ្នាំមកហើយ ឲ្យតែមកដល់ផ្ទះថ្នាំញៀនចូលខ្លួន កើតមានកំហឹងចង់តែសម្លាប់ប្រពន្ធចោល និងវាយធ្វើបាបគ្មានត្រាប្រណី ពេលខ្លះមានកំហឹងនិងអ្នកជិតខាងទៀតផង។ផ្អែកតាមចម្លើយរបស់ជនសង្ស័យនិងវត្ថុតាងកាំបិតនៅនឹងដៃផងនោះ កម្លាំងការិយាល័យបង្ក្រាបការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖