ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ក្នុងនោះមានជនជាតិថៃម្នាក់ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការបង្ក្រាបនិងឃាត់ខ្លួនព្រមទាំងរឹបអូសគ្រឿងញៀនបានជាង២៨គីឡូក្រាម។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី ដោយកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត និងស្រាវជ្រាវបង្រ្កាបលើ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។ ដោយគោលដៅទី១គឺធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ និងគោលដៅទី២ ចុះបង្ក្រាបនៅផ្ទះលេខ៣២ ផ្លូវC ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលបើកកិច្ចប្រតិបត្តិការបង្រ្កាបនោះ ជនល្មើសបានបាញ់តដៃមកលើកម្លាំងសមត្ថកិច្ច ដែលបង្ខំឱ្យសមត្ថកិច្ចត្រូវតែបាញ់តបត ទៅវិញដើម្បីការពារខ្លួន និងបានធ្វើឱ្យជនល្មើសទម្លាក់អាវុធប្រគល់ខ្លួនឱ្យសមត្ថកិច្ចឃាត់ខ្លួន។
ក្នុងប្រតិបត្តិការបង្រ្កាបប្រកបដោយគ្រោះថ្នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់គឺ៖
១-ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិថៃ។ ជាមួយគ្នានោះកម្លាំងសមត្ថកិច្ចបានចាប់យកវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង២៤គីឡូក្រាម, ប្រភេទអិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់ប្រមាណ ៤គីឡូក្រាម ព្រមទាំងសម្ភារផ្សេងទៀតមានរថយន្ត៤គ្រឿង, ទូរស័ព្ទ៦គ្រឿង, កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម សំបកគ្រាប់ ៣គ្រាប់ និងគ្រាប់មិនទាន់បាញ់៣គ្រាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ៕
ដោយ៖ ស សម