ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFORD RAPTOR ពន្លះគូទរថយន្តកូរ៉េចតស្ងៀមពីក្រោយបណ្ដាលឲ្យបុរសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford RAPTOR ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តកូរ៉េចំណុះ៤តោនកន្លះ ដែលចតស្ងៀមលើចិញ្ចើមផ្លូវពីក្រោយខាងឆ្វេងពេញទំហឹងបណ្តាលឲ្យអ្នកបើកបររថយន្ត Ford រងរបួស។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េចំណុះ៤តោនកន្លះមួយគ្រឿងពណ៌ស ពាក់ស្លាកលេខស៊េរីចាស់ ហ-0192-ភព ចតស្ងៀមនៅតាមចិញ្ចើមផ្លូវកន្លែងកើតហេតុខាងលើក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់វេលាកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបម៉ាកFord RAPTOR មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា-S-B-9899 បើកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកទ្រុងរថយន្តកូរ៉េពីក្រោយខាងឆ្វេងពេញកំហឹងបណ្ដាលឲ្យថយន្ដកូរ៉េរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តFord រងការខូចខាតយ៉ាងដំណំនិងធ្វេីឲ្យម្ចាស់រងរបួសផងដែរ។ភ្លាមនោះគេឃើញរថយន្តសង្គ្រោះបន្ទាន់បានមកដឹកម្ចាស់បើកបររថយន្ត Fordទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖