តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Olivier Véran បានប្រកាសថាប្រទេសបារាំងប្រឈមនឹងការឆ្លងកូវីដ-១៩ លើកទី៤ ។
ចំណែកនៅទីក្រុងបាងកក ប្រទេសថៃឯណេះវិញបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង ៩០% ហើយទីក្រុងនេះនឹងបន្ថយការរឹតត្បិតចាប់ពីខែកញ្ញាដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។
បើទោះបីបារាំងប្រឈមនឹងការឆ្លងកូវីដ-១៩ ជាលើកទី៤ក្តី ក៏បារាំងបានបញ្ចៀសស្ថានភាពអាក្រក់បំផុតគឺបិទប្រទេសដូចកាលពីមុន។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Olivier Véran បានបញ្ជាក់ថា រលកកូវីដ-១៩ លើកទី៤បានចាប់ផ្តើមតាំងពីខែកក្កដា ដោយសារតែការឆ្លងកូវីដ-១៩ បំប្លែងថ្មីដែលតា បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស។
ប៉ុន្តែបារាំង បានឆ្លងផុតរដូវក្តៅដោយមិនមានការបិទខ្ទប់ប្រទេសដូចកាលពីមុនឡើយ ។ ការត្រួតពិនិត្យបណ្ណសុខភាព ចរាចរណ៍ជួយឲ្យបារាំងបង្កើនល្បឿននៃការចាក់វ៉ាក់សំាង ។
លោក Olivier Véran បានឱ្យដឹងទៀតថា «ប្រសិនបើយើងមិនទុកចិត្តវ៉ាក់សាំង ប្រសិនបើយើងមិនបង្កើនល្បឿនចាក់វ៉ាក់សាំង រលកកូវីដ-១៩ លើកទី៤នឹងអាក្រក់បំផុត អាចនឹងមានអ្នកឆ្លងនិងស្លាប់ច្រើន អាចបង្ខំឲ្យយើងត្រូវបិទប្រទេសជាថ្មី ។ ប៉ុន្តែដោយបានចាក់វ៉ាក់សាំងបានច្រើនយើងគ្រប់គ្រងស្ថានភាពបានល្អ»។
ដោយឡែកនៅក្នុងទីក្រុងបាងកកប្រទេសថៃវិញនឹងបន្ធូរបន្ថយវិធានការរឹតត្បិតភាគច្រើនចាប់ពីខែកញ្ញាខាងមុខនេះតទៅ និងអនុញ្ញាតឱ្យមានការប្រមូលផ្តុំមនុស្សរហូតដល់២៥នាក់នៅទីក្រុងបាងកក និងតំបន់ដែលមានហានិភ័យខ្ពស់ផ្សេងទៀត។
ការបន្ធូរបន្ថយវិធានការរឹតបន្តឹង គឺមានភាពចាំបាច់ណាស់ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឡើងវិញ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតដ៏អាក្រក់បំផុតរបស់ខ្លួន និងកំពុងព្យាយាមក្នុងការបង្កើនអត្រាចាក់វ៉ាក់សាំង។ ចាប់ពីថ្ងៃទី០១ ខែកញ្ញាខាងមុខនេះតទៅ ផ្សារទំនើប ហាងកាត់សក់ ហាងម៉ាស្សា និងកន្លែងហាត់កីឡា ដែលស្ថិតនៅក្នុងខេត្តដែលមានហានិភ័យខ្ពស់ចំនួន ២៩ រួមទាំងទីក្រុងបាងកក ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ខណៈភោជនីយដ្ឋាននានា ក៏អាចបើកទទួលភ្ញៀវបានជាធម្មតាផងដែរ៕ដោយ៖ធីរីណា
រូបថត៖ Le Parisien.
រូបថត៖(Ngoc Quang/VNA)