ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូខេត្តមណ្ឌលគិរី ក្រចេះ និងត្បូងឃ្មុំ ចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូខេត្តប៊ិញភឿកប្រទេសវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ រវាងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

កម្ពុជា-វៀតណាម ៖ បើតាមប្រភពពីរដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់អោយដឹងថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងគណៈប្រតិភូខេត្តក្រចេះ ត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ង្វៀន ម៉ាញ់គឿង លេខាធិការបក្សខេត្តប៊ិញភឿក ស្ដីពី កិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលកិច្ចប្រជុំនេះធ្វើឡើងនៅច្រកទ្វារអន្តរជាតិ វ៉ាលឺ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម។ 

គណៈប្រតិភូខេត្តទាំងបីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៊ិញភឿក ដែលតែងតែជួយគាំទ្ររាល់សកម្មភាពការអភិវឌ្ឍន៍ និងការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ពិសេស គឺខេត្តជាប់ព្រំដែន។ 

គណៈប្រតិភូនៃខេត្តទាំងបី បានសង្ឃឹម និងជឿជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម កាន់តែមានការរីកចម្រើនថែមទៀត និងបង្កើនកិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធទាំងបីនៅខេត្តជាប់ព្រំដែននេះ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ព្រមទាំងរួមគ្នាបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ផងដែរ។

គណៈប្រតិភូកម្ពុជា ក៏បានស្នើសុំឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរទំនិញ កសិផល គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗ សំដៅរួមគ្នាដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ក៏ដូចជាប្រជាពលរដ្ឋ នៃខេត្តជាប់ព្រំដែន ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ដោយ ៖ សិលា


ចែករំលែក៖