ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាក់សាំងផ្សេងដទៃទៀតទេ !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា, មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាក់សាំងផ្សេងដទៃទៀតទេ សំខាន់ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសម្តេចនាយករដ្ឋមន្រ្តី ដែលការប្រឹងប្រែងទាំងនោះ ធានាឲ្យកម្ពុជាមាននូវវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃសម្រាប់ចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីការពារអាយុជីវិតប្រជាជនយើង។

លោកបានថ្លែងបន្តទៀតថា, សូមបន្តចូលរួមទទួលការចាក់វ៉ាកសាំងទាំងអស់គ្នា សម្រាប់សុវត្ថិភាពយើង គ្រួសារនិងយើងទាំងអស់។ 

លោក ហ៊ុនម៉ានី ថ្លែងយ៉ាងខ្លីថា ,សម្រាប់ខ្ញុំ ថ្ងៃនេះជាដូសទី៣ Sinovac ! កន្លងទៅលោកធ្លាប់មានប្រសាសន៍ថា, មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីផលប្រយោជន៏ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប។

កងកម្លាំង ដែលក្នុងនោះរួមមាន បងៗ ពូៗប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុនCoVID19 ក្នុងពេល CoVID19 ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។

ក្នុងនាមក្រុមគ្រួសាររបស់ខ្ញុំ និងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយគ្រួសារនៃរាជធានីភ្នំពេញ ខ្ញុំសូមថ្លែងអំណរគុណ និងបង្ហាញនូវការដឹងគុណ តាមរយៈការជួយឧបត្ថម្ភសម្ភារៈខ្លះៗ ដល់បងៗ ពូៗប្រជាការពារតាមបណ្តាខណ្ឌ និងសង្កាត់ក្នុងទូទាំងរាជធានីភ្នំពេញនាពេលនេះ។

លោកក៏បានចូលរួមរីករាយ ខណៈឃើញប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងដោយស័គ្ម្រចិត្តនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖