ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខនគរបាលបេីកបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ដួលរាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកTOYOTA HILUX REVOមួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ដួលរាបដល់ដី ធ្វើឱ្យរថយន្តកល់ជាប់ទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២១ នៅក្បែរប៉ុស្តី៍រដ្ឋបាលសង្កាត់ទួលសង្កែទី២ តាមបណ្តោយផ្លូវ លេខ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកTOYOTA HILUX REVOមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខនគរបាល2-0148បើកតាមបណ្ដោយផ្លូវលេខ១៨០០ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹងបណ្ដាលឲ្យបាក់ដួលរាបដល់ដី ឯរថយន្តកល់ជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖