ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តរេចង្កូតឡើងលើសួន ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានបើករថយន្តយ៉ាងលឿនហើយរេចង្កូតឡើងលើសួនផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ពេញទំហឹងបណ្តាលឲ្យរថយន្តវិលមួយជុំ តែសំណាងដែរដែលមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកធ្វើដំណើរតាមដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញនារីម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-2812 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតឡើងលើសួនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង ឯរថយន្តបង្កខ្ទេចមួយកំណាត់មុខ។តែ សំណាងល្អដែរដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស ហើយជាបន្ទាន់នោះក៏មានពលរដ្ឋនៅក្បែរនោះបានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖