ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottanham Hotspur កំពុងទទួលបានភាពជោគជ័យនៅដើមរដូវកាលនេះ ដោយបន្តយកឈ្នះគូប្រកួតWatford កាលពីយប់ថ្ងៃទី២៩ ខែសីហា។ ចំណែកក្រុមភ្ញៀវបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Wolverhampton ក្នុងលទ្ធផល១ទល់០យ៉ាងលំបាក។
១គ្រាប់ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ Tottanham រកបានដោយកីឡាករសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min នៅនាទីទី៤២ ក្នុងតង់ទី១។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះព្យាយាមដាក់សម្ពាធកាន់តែខ្លាំង ប៉ុន្តែនៅតែមិនអាចធ្វើអ្វីក្រុមភ្ញៀវ Watford បាន ហើយលទ្ធផលនេះគឺបន្តរហូតដល់ចប់ការប្រកួត។
សម្រាប់ក្រុម Tottanham ក្នុង៣ប្រកួតនៅលីគកំពូលអង់គ្លេសមកនេះគឺមិនទាន់ស្គាល់រសជាតិចាញ់នៅឡើយទេ ដោយទទួលបាន៩ពិន្ទុពេញនៅក្នុងដៃ ហើយកំពុងឈរកំពូលតារាងបណ្តោះអាសន្នមានគ្រាប់បាល់ចំណេញ៣គ្រាប់ក្នុង៣ប្រកួតនេះ។
ចំណែកក្រុមបិសាចក្រហម Man United ទទួលបានជ័យជម្នះក្រៅទឹកដីក្នុងសប្តាហ៍ទី៣នេះដែរ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ Wolverhamptonក្នុងលទ្ធផលយ៉ាងត្រដាបត្រដួស១ទល់០។ ១គ្រាប់ជ័យជម្នះនេះរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood នៅនាទីទី៨០ជិតនឹងចប់ការប្រកួតទៅហើយ។
លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមទទួលបាន៣ពិន្ទុបន្ថែមដោយ៣ប្រកួតមកនេះគឺឈ្នះ២ប្រកួត ស្មើ១ប្រកួតមាន៧ពិន្ទុ ឈរលេខ៣បណ្តោះអាសន្នតារាងលីគកំពូលអង់គ្លេសស្មើពិន្ទុជាមួយក្រុម West Ham ។
សម្រាប់ការប្រកួតបន្តក្នុងសប្តាហ៍ទី៤ ក្រុមបិសាចក្រហមនឹងត្រូវប៉ះជាមួយក្រុមភ្ញៀវ Newcastle United នៅថ្ងៃទី១១ ខែកញ្ញាខាងមុខ ដែលជំនួបនេះគេរំពឹងថា ខ្សែប្រយុទ្ធ Ronaldo នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការវិលត្រឡប់មកកាន់ក្លិបចាស់របស់ខ្លួនវិញ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)