ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មាន២នាក់ ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួនដោយចោទថា Live ផ្សាយព័ត៌មានបំពានសិទ្ធិបុគ្គល

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន២នាក់ ដោយចោទប្រកាន់ថាបានថតរូបឡាយរូបភាពលំនៅឋាននបំពានលើសិទ្ធិបុគ្គល(ផ្ទះស្ត្រីបកប្រែភាសាចិន) នៅចំណុចផ្ទះលេខ១២០២ ផ្លូវលេខ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០នាទីរសៀលម្សិលមិញ ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថាអ្នកសារព័ត៌មានដែលនគរបាលឃាត់ខ្លួនរួមមាន ១-ឈ្មោះ  ស៊ិន ឡូត  ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន (កម្ពុជាតេជោសន្តិភាព) ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ៣ ខណ្ឌឫស្សីកែវ (គ្មានសារធាតុញៀន) ។ ២-ឈ្មោះ ប៉ាន់ ផល្លា  ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(អាស៊ានTV) ស្នាក់នៅភូមិកម្មករ ឃុំឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង (គ្មានសារធាតុញៀន) ។

ជនទាំងពីរនាក់នេះដែលជាអ្នកសារព័ត៌មាន ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានធ្វើសកម្មភាពថត Live វីដេអូ ផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ទឹម ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែភាសាចិន ស្នាក់នៅផ្ទះជួលលេខ១២០២ ផ្លូវលេខ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាអំពើបំពានសិទ្ធិបុគ្គល ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយនិងអនុវត្តតាមនិីតិវិធីច្បាប់។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អង្គភាព”នគរដ្រេហ្គន” ឱ្យដឹងថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ពិតជាបានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន២នាក់មែន ខណៈដែលពួកគាត់ធ្វើសកម្មភាព Live ទៅលើផ្ទះអ្នកដទៃ ផ្សាយព័ត៌មានបំពានសិទ្ធិបុគ្គល បង្កឱ្យអ្នកជិតខាងជ្រួលច្របល់ ហាក់ដូចជាមានបំណងអ្វីមួយមកផ្តិតយករូបភាព ដោយគ្មានការអនុញ្ញាតពីម្ចាស់ទីតាំង ។ ពួកគាត់ធ្វើខុសពីអ្នកសារព័ត៌មានដទៃ ដែលភាគច្រើនគេមានវិជ្ជាជីវៈ ការផ្សព្វផ្សាយមានក្រមសីលធម៌ ហើយបានសហការជាមួយសមត្ថកិច្ច អាជ្ញាធរ ពិសេសផ្សាយតែព័ត៌មានពិតពីហេតុការណ៍ផ្សេងៗ ឈានដល់សមត្ថកិច្ច និងអាជ្ញាធរទទួលបានដំណឹងទាំងនោះចុះមកជួយធ្វើអន្តរាគមន៍ ដោះស្រាយ ជួយសង្គមទៀតផង។ 

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបន្តថា ចំណែកជនសង្ស័យជាអ្នកសារព័ត៌មានខាងលើ ដែលត្រូវឃាត់ខ្លួននេះ ពួកគាត់បានធ្វើសកម្មភាព Live ផ្សាយព័ត៌មានបំពានសិទ្ធិបុគ្គល មិនសមជាអ្នកកាសែតមានវិជ្ជាជីវៈ ក្រមសីលធម៌សោះ។ លោកបន្តថា អាចរសៀលថ្ងៃនេះ ឬព្រឹកស្អែកសមត្ថកិច្ចត្រូវបញ្ជូនខ្លួនទៅតុលាការតាមនីតិវិធី៕

                                      

ដោយ ៖ សិលា


ចែករំលែក៖