ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយមន្ត្រីសុខាភិបាលធ្វើតេស្ដរកវីរុសកូវីដ-១៩លើកទី២នៅក្នុងសហគមន៍អណ្តូង ក្នុងសង្កាត់គោករកា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅបានសហការជាមួយមន្ត្រីសុខាភិបាលដើម្បីធ្វើតេស្ដរកវីរុសកូវីដ-១៩ជាលើកទី២ ទៅលើប្រជាពលរដ្ឋជាង២០០០នាក់ បន្ទាប់ពីធ្វើតេស្ដលើកទី១មានអ្នកវិជ្ជមានមេរោគបំប្លែងខ្លួនថ្មី Delta ស្ថិតក្នុងកន្លែងបិទខ្ទប់បណ្តោះអាសន្ននៅក្នុងសហគមន៍អណ្ដូង៤-៦ និងសហគមន៍អណ្ដូង៣-៥ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

  លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានប្រាប់ឱ្យដឹងថា ដោយមានកិច្ចសហការល្អពីមន្ត្រីសុខាភិបាល និងកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពេលនេះមន្ត្រីសុខាភិបាល (ទ័ពអាវស) បាននិងកំពុងធ្វើតេស្ដរកវិរូសកូវីដ-១៩ជាលើកទី២ ចំពោះប្រជាពលរដ្ឋជាង២០០០នាក់ បន្ទាប់ពីធ្វើតេស្ដលើកទី១បានរកឃើញក្នុងចំណោមប្រជាពលរដ្ឋទាំងនេះមាន អ្នកវិជ្ជមានកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta នៅក្នុងសហគមន៍អណ្ដូង៤-៦ និងសហគមន៍អណ្ដូង ៣-៥។

   លោកបញ្ជាក់ថា នៅក្នុងប្រតិបត្តិការរកវីរុសកូវីដ-១៩ ក្នុងសហគមន៍អណ្ដូងរយៈពេល៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះត្រូវបានបញ្ចប់ និងសរុបប្រជាពលរដ្ឋដែលបានធ្វើតេស្ដជាក់ស្ដែង មានចំនួន២.០៧១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានចំនួន៤៨នាក់។

   លោកអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋសហគមន៍អណ្ដូង៤-៦ ដែលបានធ្វើតេស្ដជាក់ស្ដែងចំនួន១.១៨១នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ និងប្រជាពលរដ្ឋសហគមន៍អណ្ដូង៣-៥ ដែលបានធ្វើតេស្ដជាក់ស្ដែង មានចំនួន៨៩០នាក់ ក្នុងនោះបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ផ្សេងទៀត សរុបទាំងអស់អ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៨នាក់៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖