ព័ត៌មានទាន់ហេតុការណ៍៖

ជានិច្ចកាលមិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ៖ ជានិច្ចកាលមិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩…។ ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវេជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដាប្រើប្រាស់ជាច្រើនសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ 

   កម្ពុជាសូមអរគុណមិត្តចិន និងសូមឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំដូចដែកថែប។

  សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

   លោក Xi Jinping បានថ្លែងក្នុងសារលិខិតអបអរសាទរថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោកតាងនាមឱ្យគណបក្សកុម្មុយនិស្តចិន ប្រជាជនចិន និងក្នុងនាមលោកផ្ទាល់ ចូលរួមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជា! 

   លោកបានចង្អុលបង្ហាញថា រយៈពេលយូរមកនេះ គណបក្សប្រជាជនកម្ពុជាបានរួបរួមដឹកនាំប្រជាជនកម្ពុជាចូលរួមកិច្ចកសាងនិងការអភិវឌ្ឍប្រទេសជាតិ បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ភាគីចិនបន្តគាំទ្រជាមួយភាគីកម្ពុជាក្នុងការធ្វើដំណើរឆ្ពោះទៅកាន់មាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។ ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ គណបក្សប្រជាជនកម្ពុជានឹងបន្តរួមចំណែកកាន់តែច្រើននិងកាន់តែធំធេងសម្រាប់វិបុលភាពប្រទេសកម្ពុជានិងសុភមង្គលរបស់ប្រជាជន និងក្នុងកិច្ចការសន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់។

   លោកបានសង្កត់ធ្ងន់ថា ចិននិងកម្ពុជា គឺជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម ទំនាក់ទំនងទ្វេភាគីបានរក្សាការអភិវឌ្ឍក្នុងកម្រិតខ្ពស់រយៈពេលវែង។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជារួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីចំណងមិត្តភាពដែលមិនអាចបំបែកបាន និងបានបង្ហាញពីដំណើរវិវឌ្ឍន៍ឥតឈប់ឈរជាប្រវត្តិសាស្រ្ត។ គណបក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការចំណងមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា លោករីករាយបន្តសហការជាមួយសម្តេចតេជោ បង្កើនការដឹកនាំនយោបាយចំពោះទំនាក់ទំនងរវាងគណបក្សទាំងពីរក៏ដូចជាប្រទេសទាំងពីរ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៃបក្សនិងកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើបណ្ដាវិស័យផ្សេងទៀតឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិឹងកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ៕

                         

ដោយ៖ សុខ ខេមរា


ចែករំលែក៖