ព័ត៌មានទាន់ហេតុការណ៍៖

ចិនបន្តនាំមុខមេដាយក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងតូក្យូគិតត្រឹមរសៀលថ្ងៃទី២ កញ្ញានេះ

ចែករំលែក៖

ការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនគិតត្រឹមរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រព្រឹត្តទៅដោយរលូន ដែលមកដល់ពេលនេះសាធារណរដ្ឋប្រជាមានិតចិន កំពុងតែឈានមុខគេក្នុងការដណ្តើមមេដាយក្នុងប្រភេទកីឡានេះ។

ប្រទេសចិនដណ្តើមបានមេដាយសរុប១៥៥គ្រឿង ក្នុងនោះមេដាយមាសមាន៧៤គ្រឿង, ប្រាក់៤៤គ្រឿង និងមេដាយសំរិទ្ធិ៣៧គ្រឿង ខណៈចំណាត់ថ្នាក់លេខ២គឺប្រទេសអង់គ្លេសទទួលបានមេដាយសរុប៩០គ្រឿង ក្នុងនោះមេដាយមាស៣២គ្រឿង, ប្រាក់២៦គ្រឿង និងមេដាយសំរិទ្ធិ៣២គ្រឿង។ ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើរុស្ស៊ីទទួលបានមេដាយសរុប៨៩គ្រឿង ដែលមានមេដាយមាស៣២គ្រឿង, ប្រាក់២០គ្រឿង និងសំរិទ្ធិ៣៧គ្រឿង។

ដោយឡែកសម្រាប់ប្រទេសក្នុងតំបន់អាស៊ានជាមួយកម្ពុជាយើងវិញគឺមានប្រទេសមួយចំនួនបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះដែរ។ ក្នុងនោះមានប្រទេសថៃទទួលបានមេដាយ១២គ្រឿង (មាស៣, ប្រាក់៤, សំរិទ្ធិ៥), ប្រទេសម៉ាឡេស៊ីឈ្នះ៣គ្រឿង (មាស១គ្រឿង, ប្រាក់២គ្រឿង), ប្រទេសសិង្ហបុរីឈ្នះមេដាយមាស១គ្រឿង, ប្រទេសឥណ្ឌូនេស៊ីឈ្នះបានមេដាយប្រាក់១គ្រឿង និងសំរិទ្ធិ២គ្រឿងខណៈប្រទេសវៀតណាមឈ្នះបានមេដាយប្រាក់១គ្រឿង ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់កន្លងទៅប្រទេសចិនក៏ទទួលបានមេដាយច្រើនជាងគេផងដែរ ដោយប្រទេសនេះឈរចំណាត់ថ្នាក់លេខ២ក្នុងតារាងមេដាយដោយដណ្តើមបាន៨៨មេដាយ។ ចំណែកប្រទេសដែលឈរកំពូលតារាងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលនោះគឺសហរដ្ឋអាមេរិកដណ្តើមបាន១១៣មេដាយ ៕

ដោយ៖ ភារៈ(រូបភាព ៖ olympics.com)


ចែករំលែក៖