ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញនិងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពខណ:ដែលដេកស្លាប់នៅវាលស្រែមានឈាមនិងកាំបិតកកុកក្បែរខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិពពូលឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាបុរសចំណាស់ខាងលើមានឈ្មោះ ម៉ា ឃិតអាយុ៧៦ឆ្នាំ រស់នៅ ភូមិពពូល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសាកសពដោយធ្វើការសន្និដ្ឋានថាពិតជាស្លាប់ដោយធ្វើអត្តឃាតដោយបានយកកាំបិត កកុកអារ.ក សម្លាប់ខ្លួនប្រាកដមែននៅវាលស្រែខាងជើងផ្ទះកូនរបស់គាត់ចំងាយ៤០ម៉ែត្រដោយមិនឃើញមានស្លាកស្នាមដោយសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ឪពុករបស់គាត់គឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយខណ:ទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះទើបគាត់សម្រេចចិត្តធ្វើអត្តឃាតបែបនេះកុំឱ្យពិបាកដល់កូនចៅបន្តទៀត។
បន្ទាប់មក សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ យឹម សុថាន