ក្នុងពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោកមិនទាន់បានចាក់ដូសទីមួយជូនពលរដ្ឋឲ្យបានគ្រប់គ្នាផង ប្រទេសអ្នកមានបានចាប់ផ្តើមចាក់ដូសទីបី ហើយពេលនេះអុីស្រាអែលបានត្រៀមលក្ខណៈចាក់ដូសទី៤ជាបន្តទៀត ។
លោក Salman Zarka ប្រធានគណៈកម្មការទប់ស្កាត់ការឆ្លងកូវីដ -១៩ របស់ប្រទេសអុីស្រាអែលបានឱ្យដឹងថា លោកបានអំពាវនាវដល់ប្រទេសនេះត្រៀមលក្ខណៈចាក់វ៉ាក់សាំងដូសទី៤ជាបន្តទៀត ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលានោះឡើយ ។
សារព័ត៌មាន Times of Israel បាន បានដកស្រង់សម្តីលោក Salman Zarka បញ្ជាក់ថា «ដោយសារតែកូវីដ-១៩ បាននិងកំពុងរស់នៅទីនេះ ដូច្នេះយើងចាំបាច់ត្រូវតែត្រៀមលក្ខណៈចាក់
ដូសទី៤ជាបន្តទៀត។
លោក Salman Zarkaបន្តទៀតថា ការចាក់ដូសជំរុញឬបំពេញបន្ថែមទៀត គឺអាចជួយបង្កើនប្រសិទ្ធភាពទប់ស្កាត់ការឆ្លងបានល្អបំផុត ពិសេសគឺវីរុសបំប្លែងថ្មី ដែលអាចឆ្លងលឿននៅក្នុងសហគមន៍។ លោកបន្តទៀតថា «ទាំងនោះគឺជាជីវិតរស់នៅរបស់យើងពីពេលនេះទៅ គឺត្រូវប្រឈមការឆ្លងតាមដំណាក់កាល។
លោក Salman Zarka បញ្ជាក់ថា « អង់ទីគ័រការពាររាងកាយក្រោយការចាក់វ៉ាក់សាំង នឹងថយចុះបន្តិចម្តងក្រោយការចាក់បានប៉ុន្មានខែ។ យើងគួរតែចាក់វ៉ាក់សាំងម្តងក្នុងរយៈពេល៥-៦ខែ »។ នៅពេលនេះដែរ អុីស្រាអែលកំពុងចាក់វ៉ាក់សាំងដូសទីបីជូនពលរដ្ឋ។ ការចាក់ដូសជំរុញ ឬដូសទីបីចាប់ផ្តើមឡើងតាំងពីថ្ងៃទី១ខែសីហា មក ៕ដោយ៖ធីរីណា
រូបភាព៖ The Times Of Israel+TTXVN