ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនចាំម៉ាកបើកឆ្លងផ្លូវទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់មួយរំពេច ហេីយរថយន្តបង្កហេតុបើករត់បាត់

ចែករំលែក៖

    ភ្នំពេញ​ ៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកឆ្លងផ្លូវទៅបុកទាំងកំរោលប៉ើងជាច្រើនម៉ែត្រ ឯរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ៣ ចំណុចមុខបុរីពិភពថ្មី៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ហម សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខកំពង់ឆ្នាំង1L.3431ជិះតែម្នាក់ឯង។

      តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង  ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកឆ្លងផ្លូវពីកើតទៅលិចក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលម៉ូតូផ្នែកខាងឆ្វេងប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង។  ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបើកបន្ថែមល្បឿនគេចបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះខាងលើសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖