ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តនាំយកថវិការបស់សម្តេចតេជោ ហ៊ុនសែន ប្រគល់ជូនលោកតា លោកយាយ ចំនួន ០៥នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តកំពង់ធំ !

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបន្តនាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ ចំនួន ០៥នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា, លោកតា លោកយាយ ចំនួន ០៥នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួមមាន;

១-លោកតា អ៊ុក សុឹម អាយុ ១០១ឆ្នាំ រស់នៅភូមិ អន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ
២-លោកយាយ ជុំ លីវ អាយុ ១០១ឆ្នាំ រស់នៅភូមិ ស្ពានគ្រង ឃុំចំណារក្រោមស្រុកស្ទោង ខេត្តកំពង់ធំ
៣-លោកយាយ អុិត សុន អាយុ ១០៦ឆ្នាំ រស់នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
៤-លោកយាយ សុក ស៊ុន អាយុ ១០១ឆ្នាំ រស់នៅភូមិសូដៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
៥-លោលយាយ ហ៊ុន បួន អាយុ ១០២ឆ្នាំ រស់នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលទទួលបានថវិកាក្នុង ០១នាក់ ចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
រហូតដល់ ថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤៦១នាក់​ (ឆ្លងសហគមន៌​:​ ​​៣១៥ និង​ នាំចូល:​ ១៤៦) និងមានជាសះស្បេីយ​ ៤១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៥៣០០ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩០៦៨៤​នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៧នាក់​ សរុប​ស្លាប់ ១៩៥៧នាក់ ។
សូមបន្តអនុវត្តន៍​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2140098 ស្មេីនឹង​ 126633 ក្នុង១លាន នាក់​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៥,៣៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៤,៤២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។ បើចំពោះ បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ចំនួន ២៦៤៧ នាក់ (ស្រ្តី១៣១៧នាក់) ! ៕

ដោយ៖ សិលា


ចែករំលែក៖