ចាប់តាំងពីផ្ទុះកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Mu ដែលផ្ទុះឡើងនៅប្រទេសកូឡុំប៊ី កាលពីខែមករាឆ្នាំ២០២១ មកទល់ពេលនេះបានឆ្លងរាលដាលដល់៤០ប្រទេសជុំវិញពិភពលោក ពិសេសគឺនៅអាមេរិក។ នៅពេលនេះមាន៤៩រដ្ឋក្នុងទឹកដីអាមេរិកមានករណីឆ្លងកូវីដ-១៩ ប្រភេទ Mu។ មានតែរដ្ឋមួយគត់នៅអាមេរិកគឺរដ្ឋ Nebraska មិនមានវត្តមានវីរុសMu ។
មន្ត្រីសុខាភិបាលអាមេរិកបានឱ្យដឹងថា វីរុសMu ងាយស្រួលឆ្លងជាង វីរុសដែលតាទៅទៀត ហើយអាចសុំាជាមួយវ៉ាក់សាំងផងដែរ។
តាមសារព័ត៌មាន Newsweek បានឱ្យដឹងថា វីរុសបំប្លែងថ្មី Mu បានរកឃើញមានវត្តមាននៅក្នុងរដ្ឋចំនួន៤៩ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ ។
រដ្ឋកាលីហ្វ័រនីញ៉ា គឺជារដ្ឋដែលរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីMuខ្ពស់ជាងគេបំផុត គឺមានដល់ទៅ៣៨៤នាក់ ក្នុងនោះមានទីក្រុង Los Angeles មានករណីឆ្លងដល់ទៅ១៦៧នាក់។
លោក Berbara Ferrer អគ្គនាយកមន្ទីរសុខាភិបាលសាធារណៈទីក្រុង Los Angeles បានឱ្យដឹងថា «ការដែលរកឃើញវីរុសបំប្លែងថ្មី Mu និងការឆ្លងរាលដាលកើនឡើងខ្ពស់ ពលរដ្ឋក្នុងទីក្រុង Los Angeles ត្រូវតែបន្តវិធានការការពារខ្លួននិងអ្នកនៅជិតខាង»។ លោកបន្តទៀតថា ការចាក់វ៉ាក់សាំង ក៏បានជួយទប់ស្កាត់ការឆ្លង និងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
កាលពីថ្ងៃទី៣០ ខែសីហា អគ្គនាយកអង្គការសុខភាពពិភពលោកបានចាត់ទុកវីរុសកូវីដ-១៩បំប្លែងថ្មី Mu គឺជាវីរុស ដែលត្រូវយកចិត្តទុកដាក់បំផុត ដោយសារតែវាមានសមត្ថភាពឆ្លងរាលដាលខ្ពស់៕ដោយ៖ ធីរីណា
រូបភាព៖Reuters +TTXVN