ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១៧នាក់នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសម៉ិចស៊ីកូ ដោយសារគ្រោះទឹកជំនន់

ចែករំលែក៖

រដ្ឋាភិបាលម៉ិចសុីកូបានប្រកាសឱ្យដឹងថា គ្រោះទឹកជំនន់ទ្រង់ទ្រាយធំបានសម្លាប់មនុស្សដល់ទៅ១៧នាក់នៅក្នុងមន្ទីរពេទ្យ រដ្ឋ Hidalgo ភាគកណ្តាលនៃប្រទេសនេះ។
ប្រធានការិយាល័យប្រធានាធិបតី លោក Andres Manuel Lopez Obrador បានឱ្យដឹងថា មានមនុស្ស១៧នាក់បានស្លាប់ដោយគ្រោះទឹកជំនន់ក្នុងមន្ទីរពេទ្យ IMSS ស្ថិតនៅតំបន់ Tula រដ្ឋ Hidalgo ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋនេះ។ ក្នុងចំណោមអ្នកស្លាប់មាន១៥នាក់ជាអ្នកជំងឺកូវីដ-១៩ ហើយការស្លាប់ដោយសារតែប្រព័ន្ធផ្គត់ផ្គង់អុកស៊ីហ្សែនផ្អាកដំណើរការដោយសារដាច់អគ្គិសនី។
ភ្លៀងធ្លាក់ខ្លាំងកាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍ នៅរដ្ឋ Hidalgo ដោយបណ្តាលឱ្យទឹកទន្លេនៅទីក្រុង Tula កើនឡើងដល់កម្រិតខ្ពស់ រហូតដល់ជន់លិចមន្ទីរពេទ្យដ៏ធំមួយនៅក្នុងទីក្រុងនេះតែម្តង។ អភិបាលរដ្ឋ Hidalgo លោក Omar Fayad បានបញ្ជាក់ថា «ជាអកុសលយើងមានអ្នកស្លាប់ចំនួន១៧នាក់»។
មន្ទីរពេទ្យខាងលើនេះ គឺជាអគារមួយក្នុងចំណោមអគារទាំង៥នៅទីក្រុងTula ដែលរងគ្រោះដោយសារទឹកជំនន់ខ្លាំងជាងគេ។ ថាមពលអគ្គិសនីត្រូវបានកាត់ផ្តាច់នៅទូទាំងទីក្រុង ម៉ាស៊ីនភ្លើងនៅមន្ទីរពេទ្យដែលបានរងការជន់លិច ក៏មិនអាចប្រើប្រាស់បានដែរ។ មុនពេលរងគ្រោះដោយទឹកជំនន់ នៅក្នុងមន្ទីរពេទ្យខាងលើនេះមានបុគ្គលិកបម្រើការងារចំនួន ១០៤នាក់ និងអ្នកជំងឺចំនួន៥៦នាក់ ហើយប្រហែលជាពាក់កណ្តាលនៃពួកគេគឺមានផ្ទុកជំងឺកូវីដ-១៩៕ដោយ៖ធីរីណា

ប្រភព៖Phunuonline


ចែករំលែក៖