ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី រ័ត្នខេមារុណ នាំយកអំណោយមនុស្សធម៌ប្រគល់ជូនពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ កម្មករ​ កម្មការិនី ដែលបានបញ្ចប់នូវការធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃចំនួន៧០គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា​ នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះបានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ កម្មករ​ កម្មការិនី ដែលបានបញ្ចប់នូវការធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ សរុបចំនួន៧០គ្រួសារ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“  ។​ 

ជាមួយគ្នានេះ​ លោក​ ឌី​ រ័ត្ន​ខេមរុណ​ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំង អស់ដែលបានបញ្ចប់ការធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងសូមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីការពារខ្លួន​ ក៏ដូចជាការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

 ចំណែក​អំណោយមនុស្សធម៌ដែលបានប្រគល់ជូនក្នុង១គ្រួសារៗទទួលបាន ៖​ អង្ករ៣០គីឡូក្រាម​ មី១កេស​ ទឹកត្រី១យួរ ឬទឹកសុីអុីវ១យួរ និងទឹកសុទ្ធ១កេស ៕

ដោយ​៖សហការី​


ចែករំលែក៖