ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jesse Lingard បានច្រានចោលការផ្តល់ជូនកិច្ចសន្យាមួយពីក្រុមបិសាចក្រហម Manchester United។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងផុតកំណត់នៅដំណាច់រដូវកាលនេះ។
ការមិនបន្តកុងត្រាថ្មីនេះត្រូវបានគេយល់ថា Lingard មានការព្រួយបារម្ភអំពីថា តើគាត់ទំនងជាលេងញឹកញាប់ប៉ុណ្ណានៅរដូវនេះ ជាពិសេសចាប់តាំងពីការមកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ។
Lingard ដែលរកបាន២គ្រាប់ក្នុងជ័យជម្នះវគ្គប្រកួតជម្រុះ World Cup តំបន់អឺរ៉ុបកាលពីថ្ងៃអាទិត្យប៉ះនឹងក្រុម អង់ដូរ៉ាសបានធ្វើឱ្យមានការចាប់អារម្មណ៍អំឡុងពេលខ្ចីជើងនៅក្លិប West Ham កាលពីរដូវកាលមុន។
Lingard មានសំណើផ្លាស់នៅរដូវក្តៅនេះដោយក្លិប West Ham ជាពិសេសចង់ឲ្យគាត់ត្រឡប់មកវិញ។ គាត់មានពេលលេងតែ៤នាទីប៉ុណ្ណោះនៃការប្រកួតក្របខ័ណ្ឌ Premier League ដែលគាត់បានចូលលេងជាកីឡាករបម្រុងក្នុងការប្រកួតជាមួយក្រុម Southampton កាលពីខែមុន។
ទោះយ៉ាងណាក៏ដោយករណីនេះនឹងកាន់តែច្បាស់ថា តើកីឡាកររូបនេះទំនងជាត្រូវបានប្រើដោយអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ក្នុងរយៈពេល៣សប្តាហ៍ខាងមុខនេះក្នុងកំឡុងពេលដែលManchester United បើកយុទ្ធនាការប្រកួត Champions League និងកម្មវិធី Carabao Cup របស់ពួកគេ បន្ថែមលើការប្រកួត៤ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)