ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំក្រុមការងារជំនាញក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាអំពីខ្លឹមសារសេចក្តីព្រាងរបាយការណ៍រួម និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅទីស្តីការក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមការសម្រួបសម្រួលកិច្ចប្រជុំពីលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា កែសម្រួល ក៏ដូចជាស្នើសុំធាតុចូល ការរួម ចំណែកជាមតិយោបល់ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍រួម និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម មុននឹងផ្ញើជូនទៅភាគីវៀតណាម ដើម្បីពិនិត្យបន្ថែម និងឯកភាពរវាងប្រទេសទាំងពីរដើម្បីដាក់ជូនកិច្ចប្រជុំលើកទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ។
សូមជម្រាបជូនថា៖ កិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាមត្រូវបានប្ដូរវេនមកកម្ពុជាជាម្ចាស់ផ្ទះក្នុងការដឹកនាំកិច្ចប្រជុំនៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២១ តាមគោលការណ៍ឯកភាពជាផ្លូវការពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
ដោយ៖សហការី