ភ្នំពេញ៖ យោងតាមTYDA ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ បំលែងខ្លួនថ្មី (Delta)។
តាមTYDA ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានថ្លែងថា, លោកស្រីតែងតែនៅជិតពួកយើងមិនថាកាលៈទេសៈណាក៏ដោយ និងយកចិត្តទុកដាក់ពិនិត្យមើលទីតាំងថ្មី សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលបង្ហាញវត្តមានតែងតែនៅជាប់ជានិច្ច ផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្តដល់ក្រុមការងារ ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
លោកស្រីក្រើនរំលឹកជានិច្ចពីសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីថា ប្រទេសកម្ពុជា បន្តស្វាគមន៍ប្រទេសទាំងអស់ ដែលចង់បរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ឱ្យមកកម្ពុជា ទាំងតាមយន្តការកូវ៉ាក់ ទ្វេភាគី ឬពហុភាគី។
ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួល ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «ហើយយើងក៏នៅតែបន្តស្វាគមន៍ ជាមួយមិត្តភក្ត បរទេសទាំងអស់ដែលបានបរិច្ចាគជួយយើង ខ្ញុំមិនទាត់ចោលទេ ខ្ញុំអរគុណជាមួយប្រទេសទេសទាំងឡាយ ដែលបានផ្តល់វ៉ាក់សាំងឱ្យកម្ពុជា ក្នុងរយៈពេលកន្លងទៅ តាមកូវ៉ាក់ក្តី តាមទ្វេភាគីក្តី»៕
ដោយ ៖ សិលា