ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ តើពេលណាទើបកូវីដ-១៩សាបសូន្យ ផ្តល់ជីវិតរស់នៅធម្មតាវិញដល់មនុស្សជាតិ?

ចែករំលែក៖

នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនិងបង្កផលប៉ះពាល់និងការខូចខាតយ៉ាងច្រើនរួមទាំងជីវិតមនុស្សនិងសម្ភារព្រមទាំងស្មារតី។ អ្នកវិទ្យាសាស្ត្របានធ្វើការវិនិច្ឆ័យព្យាករណ៍អំពីរយៈពេលនៃការបញ្ចប់ការឆ្លងជំងឺកូវីដ-១៩ ។
សារព័ត៌មាន Bloomberg បានដកស្រង់មតិរបស់ក្រុមអ្នកវិទ្យាសាស្ត្រដែលបានលើកឡើងថា មិនដូចរោគរាតត្បាតមុនៗនោះឡើយ ដោយកូវីដ-១៩ មិនអាចបញ្ចប់ក្នុងរយៈពេល៦ខែខាងមុខនេះឡើយ គឺត្រូវការពេលវេលាវែងតទៅទៀត បើទោះបីប្រទេសជាច្រើនបានបង្កើនល្បឿនក្នុងការចាក់វ៉ា់ក់សាំងប្រឆាំងកូវីដ-១៩ក្តី ។ ក្រុមអ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា កូវីដ-១៩ អាចនិឹងគ្រប់គ្រងការឆ្លងបាន លុះត្រាណាពលរដ្ឋនៅទូទាំងពិភពលោកប្រមាណ៩០-៩៥% បានចាក់វ៉ាក់សាំងរួចរាល់ មានអង់ទីគ័រការពារ ឬអង់ទីគ័រការពារពីធម្មជាតិក្រោយពីព្យាបាលជាសះស្បើយពីជំងឺ។ ក្រុមអ្នកជំនាញបានលើកឡើងពីសារសំខាន់នៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
សាស្ត្រាចារ្យ Lone Simonsen អ្នកជំនាញរោគរាតត្បាតនៅសាកលវិទ្យាល័យ Roskilde ប្រទេសដាណឺម៉ាកបាននិយាយថា «ប្រសិនបើអ្នកមិនចាក់វ៉ាក់សាំងទេអ្នកនឹងក្លាយជាគោលដៅងាយរងគ្រោះ ព្រោះមេរោគនឹងឆ្លងរាលដាលហើយវាយប្រហារស្ទើរតែគ្រប់គ្នានៅរដូវស្លឹកឈើជ្រុះនិងរដូវរងានេះ»។
តាមការលើកឡើងរបស់លោកស្រីសាស្ត្រាចារ្យ ពិភពលោកបានឆ្លងកាត់ជំងឺរាតត្បាតចំនួន៥លើកមកហើយក្នុងរយៈពេល១៣០ឆ្នាំកន្លងមក ហើយក្នុងចំណោមការឆ្លងរាតត្បាតជំងឺនោះមានរយៈពេលយូរបំផុតគឺ៥ឆ្នាំ ក្រៅពីនេះគឺមានរយៈពេលពី២-៤ឆ្នាំប៉ុណ្ណោះ ។ ចំណែកកូវីដ-១៩ គឺជាជំងឺរាតត្បាតទ្រង់ទ្រាយធំបំផុត ខណៈពិភពលោកបានឆ្លងចូលឆ្នាំទីពីរហើយ តែមិនទាន់មានសញ្ញាចុះខ្យោយនៅឡើយ។ដូច្នេះហើយកូវីដ-១៩នឹងមិនដើរតាមគន្លងជំងឺរាតត្បាតផ្សេងៗទៀតក្នុងអតីតកាលឡើយ ។ នៅពេលនេះអ្នកស្លាប់ដោយកូវីដ-១៩ បានកើនឡើងជាង ៤,៦លាននាក់ហើយ គឺខ្ពស់ជាងទ្វេដងនៃជំងឺរាតត្បាតនាពេលកន្លងមក ចាប់តាំងពីជំងឺផ្តាសាយអេស្ប៉ាញផ្ទុះឡើងនៅឆ្នាំ១៩១៨។
លោក Michael Osterholm អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងគោលនយោបាយស្តីពីជំងឺឆ្លងនៃមហាវិទ្យាល័យ Minnesota រដ្ឋ Minneapolis និងជាទីប្រឹក្សារបស់ប្រធានាធិបតី បៃឌិន បានបញ្ជាក់ថា «ការឆ្លងរាតត្បាតនឹងបន្តនៅលើពិភពលោក ហើយនឹងថយចុះបន្តិចម្តងរហូតដល់ទាបបំផុត។ ក្រោយមកអាចនឹងមានការផ្ទុះកូវីដ-១៩បំប្លែងថ្មីផ្សេងទៀតនៅរដូវរងាខាងមុខ។
ដោយសារតែនៅមានមនុស្សជាតិរាប់ពាន់លាននាក់មិនទាន់ចាក់វ៉ាក់សំាង ដូច្នេះការឆ្លងថ្មីនៃជំងឺកូវីដ-១៩ នឹងកើតឡើងនៅតាមសាលារៀន មធ្យោបាយធ្វើដំណើរសាធារណៈ កន្លែងធ្វើការ…ក្នុងពេលបណ្តាប្រទេសបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងគឺប្រឈមនឹងហានិភ័យឆ្លងខ្ពស់បំផុត។
ដូច្នេះ អ្នកឯកទេសពិភពលោកបានលើកឡើងថា ពិភពលោកនឹងត្រូវប្រឈមដំណាក់កាលលំបាកនៅពេលប៉ុន្មានខែខាងមុខទៀត ហើយមានតែវ៉ា់ក់សាំងប៉ុណ្ណោះដែលអាចជួយទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាព ។
សាស្ត្រាចារ្យ Erica Charters មកពីសាកលវិទ្យាល័យ Oxford បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩នឹងបញ្ចប់នៅក្នុងស្ថានភាពខុសគ្នា តំបន់ផ្សេងគ្នា ដូចការផ្ទុះជំងឺរាតត្បាតនាពេលមុនៗផងដែរ។ ដូច្នេះបណ្តារដ្ឋាភិបាលនឹងត្រូវសម្រេចថា តើនឹងត្រូវរស់នៅជាមួយកូវីដ-១៩ ដោយវិធីសាស្ត្រណា និងកម្រិតណា។
មកទល់ពេលនេះនៅទូទាំងពិភពលោក មានវ៉ាក់សាំងចំនួន ៥,៦៦ ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋ។ ទន្ទឹមនឹងនោះភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងមិនមានតម្លាភាព ដោយនៅតំបន់ខ្លះទើបតែចាប់ផ្តើមចាក់វ៉ាក់សាំង ហើយតំបន់ខ្លះក៏បានចាក់លើកទី២ទី៣ទៅហើយ។ ទាំងនោះហើយដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់ដដែល។ ប្រទេសតំបន់អាហ្វ្រិកទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋបានតែ៥%ប៉ុណ្ណោះ ។ ចំណែកប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទីពីរគឺឥណ្ឌាក៏ទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋបានតែ ២៦%ប៉ុណ្ណោះគ្រប់ចំនួនពីរដូស៕

ដោយ៖ធីរីណា(រូបថត៖THX/ TTXVN+AFP/ TTXVN)


ចែករំលែក៖