ព័ត៌មានទាន់ហេតុការណ៍៖

តុលាការអន្តរជាតិស្រាវជ្រាវពីសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ(Duterte)

ចែករំលែក៖

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃទី១៥ខែកញ្ញា បានអនុញ្ញាតឲ្យបើកការស៊ើបអង្កេតជាទ្រង់ទ្រាយធំទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte។
តាមសារព័ត៌មាន Guardian បានផ្សាយថា ចៅក្រម ICC បានបញ្ជាក់ថា សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី Duterte មិនអាចចាត់ទុកថាជាសកម្មភាពអនុវត្តច្បាប់ដោយស្របច្បាប់នោះឡើយ គឺនោះជា«ការវាយប្រហារទ្រង់ទ្រាយធំ សំដៅទៅលើពលរដ្ឋស្លូតត្រង់។
កាលពីខែមិថុនាកន្លងមក អតីតអគ្គរដ្ឋអាជ្ញារបស់តុលាការ ICC លោកស្រី Fatou Bensouda បានស្នើដល់ចៅក្រមអនុញ្ញាតបើកការស្រាវជ្រាវជាទ្រង់ទ្រាយធំ និងគ្រប់ជ្រុងជ្រោយស្តីពីការចោទប្រកាន់សម្លាប់ពលរដ្ឋស្លូតត្រង់ដោយខុសច្បាប់ក្នុងប្រទេសហ្វុីលីពីន។
បច្ចុប្បន្ន ការស្រាវជ្រាវនឹងត្រូវធ្វើឡើងដោយអគ្គរដ្ឋអាជ្ញា Karim Khan អ្នកដែលជំនួសតំណែងលោកស្រី Bensouda ។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី១៦ខែកញ្ញា លោក Salvador Panelo ទីប្រឹក្សាច្បាប់របស់ប្រធានាធិបតីហ្វុីលីពីនបានឱ្យដឹងថា តុលាការ ICC មិនមានសិទ្ធិនៅក្នុងការកាត់ទោសពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងប្រទេសហ្វីលីពីនឡើយ ដូច្នេះទីក្រុងម៉ានីល មិនសហការស្រាវជ្រាវនោះទេ។
លោក Salvador Panelo បានប្រកាសថា អ្នកស្រាវជ្រាវរបស់ICC ក៏មិនអនុញ្ញាតឲ្យចូលក្នុងប្រទេសហ្វុីលីពីននោះដែរ។ លោកបន្តទៀតថា «គោលដៅរបស់ប្រធានាធិបតីគឺមិនផ្លាស់ប្តូរឡើយ ហើយ ICC បានខុសឆ្គងពេលសម្រេចបើកការស្រាវជ្រាវមកលើទឹកដីហ្វុីលីពីន។
តាមតួលេខរបស់រដ្ឋាភិបាលហ្វុីលីពីន ដែលបានប្រកាសថា ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនចាប់ពីខែកក្កដាឆ្នាំ២០១៦មកបានសម្លាប់មនុស្ស៦.១៨១នាក់ និងជាង ២សែននាក់ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។ ប៉ុន្តែតួលេខរបស់ ICC គឺមានអ្នកស្លាប់ចាប់ពី១២.០០០ដល់ ៣០.០០០នាក់ ៕(ដោយ៖ធីរីណា)

រូបថត៖EPA.


ចែករំលែក៖