ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ កម្លាំងអន្តរាគមន៍របស់កងពល សហការជាមួយ កម្លាំងចម្រុះ រួមជាមួយអាជ្ញាធរមូលដ្ឋាន កំពុងឈរជេីងនៅក្រុងប៉ោយប៉ែត បានចេញជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងក្រុងប៉ោយប៉ែត ក្នុងសង្កាត់ចំនួន ២ សរុបចំនួន ២៤គ្រួសារ។
សូមបញ្ជាក់ថា, មិនត្រឹមតែកងទ័ពយកចិត្តទុកដាក់អន្តរាគមន៍ជួយប្រជាពលរដ្ឋជួបរងគ្រោះដោយជំនន់ទឹកភ្លៀងប៉ុណ្ណោះទេ ដោយសារតែកងទ័ពកើតចេញប្រជាពលរដ្ឋ ត្រូវតែជួយប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ដូចប្រសាសន៍របស់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ធ្លាប់បានលើកឡើងរួចមកហើយ។ ខណ:នេះ កងទ័ព ដៃម្ខាងទប់ស្កាត់កូវីដ-១៩ ដៃម្ខាងជួយសង្គ្រោះប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង ពិសេសការពារប្រជាពលរដ្ឋជៀសផុតពីជំងឺក៏កាចសាហាវកូវីដ-១៩។
សូមជម្រាបជូនថា, ស្ថានភាពជំងឺ កូវីដ-១៩ នៅ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១៖
-អ្នកឆ្លងថ្មី ចំនួន ៦២២ នាក់
-ជាសះស្បើយ ចំនួន ៤៧៣ នាក់
-អ្នកស្លាប់ ចំនួន ១៤ នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃនេះ៕
ដោយ៖ សុខ ខេមរា