ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នេត្រ​ ភក្ត្រា ​៖​ ឡដុតសំរាមសំណល់រឹងនឹងជួយខេត្តកែបគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ និងសំណល់ពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់

ចែករំលែក៖

ខេត្ត​កែប ​៖​ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន​ បានថ្លែងថា​ ឡដុតសំរាមសំណល់រឹងដែលជាការផ្តល់ជូនរបស់ក្រសួងបរិស្ថានដល់រដ្ឋបាលខេត្តកែបមិនត្រឹមតែជាសមិទ្ធផលថ្មីសន្លាងមួយទៀតនៅលើទឹកដីខេត្តកែបទេ តែជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់មធ្យោបាយគាំទ្របន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ 

ការថ្លែងបែបនេះ​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានធ្វេីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ​ នៅក្នុងអំឡុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឡដុតសំរាម សំណល់រឹង សំណល់គ្រោះថ្នាក់ពីមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ឬសំណល់វេជ្ជសាស្ត្រពីមន្ទីរព្យាបាលនិងមណ្ឌលសុខភាពនៅក្នុងខេត្តកែប ដោយលោក​ នេត្រ​ ភក្ត្រា​ បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីនេះនឹងចូលរួមសម្អាតអនាម័យបរិស្ថានខេត្តកែបឱ្យកាន់តែស្អាត និងជាពិសេសគឺផ្តល់ភាពជឿជាក់របស់ពលរដ្ឋលើរដ្ឋបាលខេត្តក្នុងការគ្រប់គ្រងបានល្អលើសំណល់ចេញពីមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩។

 ជាមួយគ្នានេះ​ លោក នេត្រ ភក្ត្រា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកែប ដែលបានសម្របសម្រួល និងរៀបចំទីតាំងសម្រាប់ដំឡើងឡដុតសំរាមសំណល់រឹងដែលមានសត្ថភាពដុតកម្ទេចសំរាមសំណល់រឹងចន្លោះពី ៥ តោនទៅ៧ តោនក្នុងមួយថ្ងៃដើម្បីបម្រើឱ្យការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ លោករដ្ឋលេខាធិការ​ ក៏បានថ្លែងបន្តថា៖​ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែ​មទៀត ក្រសួងបរិស្ថានបានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ តាមការបញ្ជាក់ឡដុតសំរាមសំណល់រឹងនៅខេត្តកែបនេះគឺជាឡមួយ ក្នុងចំណោមឡចំនួន ៥៤ ដែលក្រសួងបរិស្ថាន បានបំពាក់ ក្រុងស្រុកនិងអង្គភាពចំនួន ៥៤ ក្នុងរាជធានី-ខេត្តចំនួន ២០។ ទន្ទឹមនឹងនេះ​ ក្រសួងបរិស្ថាន​ បាននិងកំពុងបន្តបំពាក់ឡដុតសំរាមសំណល់រឹង នេះនៅតាមបណ្តាទីតាំងមួយចំនួនទៀតដែលមានភូមិសាស្ត្រឆ្ងាយពីទីលានចាល់សំរាម ឬតម្រូវការចាំបាច់។

 បើតាមការបញ្ជាក់របស់លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា​ ឡដុតសំណល់រឹងសំរាមដែលបានដំឡើងរួច​ បាននិងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័កខណៈឡទាំងនេះ គឺជាជំនួយបន្ថែមលើឡដុតសំណល់វេជ្ជសាស្ត្រដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខភាពនានាទូទាំងប្រទេសកម្ពុជា។ លោករដ្ឋលេខាធិការ​ បានថ្លែងថា ការគ្រប់គ្រង និងវេចខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អប្រសើរ រួមនឹងការបាញ់អាល់កុលសម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ 

ដោយឡែក​បេី​យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង ២៥ សំរាម សំណល់រឹងដែលបានបង្កើតឡើងនៅតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩នៅទូទាំងប្រទេសកម្ពុជាមានប្រមាណ ១០០ តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែអត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។ នៅតាមបណ្តាខេត្តមួយចំនួន ដូចជា៖ ខេត្តសៀមរាប ,មណ្ឌលគិរី ,បាត់ដំបង ហើយនៅថ្ងៃទី២០ ខែកញ្ញានេះ គឺខេត្តកែប​ បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការឡដុតសំរាមសំណល់រឹងដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងការដុតកម្ទេចសំណល់វេជ្ជសាស្ត្រ សំណល់ផ្សេងៗទៀត ដែលត្រូវបានប្រមូលយកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។ លោករដ្ឋលេខាធិការ​ បានថ្លែងបន្ថែមថា ចំពោះសំណល់វេជ្ជសាស្ត្រ បើយើងគ្រប់គ្រងមិនបានល្អទេ វានឹងក្លាយជាគ្រាប់បែកមេរោគបំផ្លាញសុខភាពពលរដ្ឋ។

 នាឱកាសនោះ​ដែរ​​ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណចំពោះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់បំពាក់សម្ភារចាំបាច់នានាដល់រដ្ឋបាលខេត្តដើម្បីពង្រឹងភាពជាម្ចាស់លើការគ្រប់គ្រងអនាម័យបរិស្ថាន។ លោកអភិបាលខេត្ត​ បានថ្លែងបន្តថា សមិទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រសួងបរិស្ថានទទួលបន្ទុកខេត្តកែប​ ជាពិសេសលោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ដែលបានខ្នះខ្នែងឡើងក្នុងបំណងគ្រប់គ្រងឱ្យមានប្រសិទ្ធភាពសំរាម សំណល់រឹងចេញពីមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងសំណល់វេជ្ជសាស្ត្រផ្សេងទៀត។

ដោយទទួលស្វាគមន៍សមិទ្ធផលថ្មីនេះ លោកអភិបាលខេត្ត​ បានថ្លែងទៀតថា​ ​ឡដុតសំរាមសំណល់រឹងនេះ​ ពិតជាមានភាពចាំបាច់សម្រាប់ខេត្ត កែបដើម្បីប្រើប្រាស់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់មកពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមិនឱ្យមានការបោះចោលពាសវាលពាសកាលឡើយ។ លោកអភិបាលខេត្ត​ ក៏បានបញ្ជាក់ទៀតថា​ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំណល់ទាំងនេះ។ ជាមួយគ្នានេះ លោកអភិបាលខេត្តកែប បានស្នើឱ្យរដ្ឋបាលក្រុងកែប​ ដែលលទទួលភារកិច្ចក្នុងការគ្រប់គ្រងថែរក្សាឡដុតសំរាមនេះត្រូវ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ជាប្រយោជន៍ក្នុងការសម្អាតអនាម័យបរិស្ថាន។

 ​ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានសូមថ្លែងអំណរគុណរដ្ឋបាលខេត្តកែប មន្ទីរបរិស្ថាន និងមន្ទីរជំនាញក្រោមចំណុះខេត្តកែប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តនូវគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ការគ្រប់គ្រងបានល្អនុវអនាម័យបរិស្ថាន គឺជាការចូលរួមអនុវត្តគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពដែលលើកឡើងអំពីភូមិឃុំសង្កាត់ត្រូវតែមានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះ ស្រាយសំរាម ធ្វើឱ្យភូមិឃុំសង្កាត់មានសោភ័ណភាព និងផាសុកភាព។ ជាមួយគ្នានេះ រៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។

លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ បានថ្លែងថា ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជាពិសេសត្រូវវេចខ្ចប់សំណល់សំរាមពីមណ្ឌលព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ជៀសវាងការបោះសំរាមចោលផ្តេសផ្តាសដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងផាសុកភាព។ ភូមិ-ឃុំ សហគមន៍ស្អាត គឺចាំបាច់ត្រូវការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។ ដើម្បីគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ និងបង្ការការឆ្លង  សូមអ្នកជំងឺដែលព្យាបាលនៅតាមផ្ទះ ត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង និងដាក់ដាច់ដោយឡែកពីសំរាមរបស់អ្នកដទៃ ដើម្បីងាយស្រួលក្នុងការប្រមូល។ ជាមួយគ្នានេះ ត្រូវបាញ់ថ្នាំ ឬអាល់កុល សម្លាប់មេរោគកូវីដ-១៩ នៅលើសំរាមទាំងក្នុងនិងក្រៅស្បោង ហើយទុកសំរាមដោយឡែកមុនពេលបញ្ចេញមកខាងក្រៅ។ ជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឡដុតសំរាមសំណល់រឹង លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា ឡដុតសំរាមនេះ នឹងចូលរួមគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវសំរាមសំណល់រឹង សំណល់វេជ្ជសាស្ត្រដែលមាននៅក្នុងខេត្តកែប៕

ដោយ​៖សហការី​


ចែករំលែក៖