ភ្នំពេញ៖ ដើម្បីចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ខាងមុខនេះ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំឱ្យមានកិច្ចពិភាក្សាស្តីពី «ការលុបបំបាប់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា, កិច្ចពិភាក្សានេះ មានការអញ្ជើញធ្វើជាអ្នកសម្របសម្រួលដោយ លោកវេជ្ជ. តែង គន្ធី សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងអញ្ជើញចូលរួមជាវាគ្មិនចំនួន ៣នាក់ (មកពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ, និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក) ដែលបានពិភាក្សាលើសំណួរសំខាន់ៗមានខ្លឹមសារជាសារវន្ត និងអនុសាសន៍ល្អៗពាក់ព័ន្ធទៅនឹងប្រធានបទខាងលើនេះ ហើយសមស្របទៅនឹងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងកិច្ចពិភាក្សាយ៉ាងផុសផុលនេះ វាគ្មិនទាំង ៣នាក់ បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ៖
១. ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ថែទាំសុខភាពឱ្យបានល្អ សម្រាប់មនុស្សគ្រប់ៗគ្នា។
២. សម្រាប់ស្ត្រីដែលមានផ្ទៃពោះ ត្រូវតែទៅពិនិត្យផ្ទៃពោះយ៉ាងហោចឱ្យបាន៤ដង មុននឹងសម្រាលកូន ព្រមទាំងធ្វើតេស្តឈាមរកមេរោគអេដស៍និងស្វាយ ដើម្បីទទួលបានការព្យាបាល ដើម្បីកុំឱ្យឆ្លងទៅទារកនៅក្នុងផ្ទៃ ឬទារកដែលទើបកើត។
៣. ត្រូវតែចូលរួមចាក់វ៉ាក់សាំង ដើម្បីធានាបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។
៤. ចំពោះក្រុមប្រឈមដែលមាន ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមកំប្លែងភេទ និងក្រុមស្ត្រីដែលបម្រើការនៅតាមគ្រឹះស្ថានសម្សាន្តសប្បាយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍និងវិធានការការពារ ការរីករាលដាលនូវមេរោគអេដស៍ ជំងឺកាមរោគនិងជាពិសេសវិធានការ «៣ការពារ និង៣កុំ»។
សូមបងប្អូនជនរួមជាតិ មេត្តារង់ចាំទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជាបណ្ដាញទូរទស្សន៍ដទៃទៀត និងប្រព័ន្ធផ្សព្វផ្សាយនានា ដែលនឹងផ្សព្វផ្សាយទាំងស្រុងអំពីខ្លឹមសារនៃកិច្ចពិភាក្សាទាំងមូល៕
ដោយ ៖ សិលា