ក្រុមអ្នកឯកទេសចិនមួយក្រុមបានប្រើប្រាស់រូបមន្តគណិតវទ្យាក្នុងការវាយតម្លៃ ហើយបានសរុបសេចក្តីមកថា ករណីឆ្លងកូវីដ-១៩ដំបូងបង្អស់កើតឡើងនៅក្នុងអំឡុងខែមេសាដល់ខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតនៅតំបន់ភាគឦសាននៃទឹកដីអាមេរិក។ ការផ្ទុះនៅទីនោះយ៉ាងយូរហើយទើបផ្ទុះនៅក្នុងទីក្រុងវូហាន ប្រទេសចិន។
សារព័ត៌មានRT បានដកស្រង់របាយការណ៍ប្រវែង១៤ទំព័រដែលបានចុះផ្សាយលើគេហទំព័រ ChinaXiv នៅថ្ងៃទី២២ខែកញ្ញា បញ្ជាក់ថា «លទ្ធផលគណនាបង្ហាញឱ្យឃើញថា កូវីដ-១៩បានផ្ទុះឡើងនៅក្នុងអំឡុងខែកញ្ញា»។
របាយការណ៍ខាងលើគឺជាលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញចិនលោក Zhouwang Yang, Yunhe Hu, Zhiwei Ding និងលោក Tiande Guo មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន ។ តាមសារព័ត៌មាន RT អ្នកវិទ្យាសាស្ត្រខាងលើ បានគណនាពេលវេលាផ្ទុះកូវីដ-១៩លើកដំបូង រួមបញ្ចូលជាទិន្នន័យនិងរូបមន្តដែលទទួលបាន។
តាមប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ដំបូងបង្អស់នៅអាមេរិក កើតឡើងនៅថ្ងៃទី២០ ខែមករាឆ្នាំ២០២០ ។ ប៉ុន្តែក្រុមអ្នកជំនាញចិនបានបង្ហាញពីការមន្ទិលសង្ស័យថា ករណីឆ្លងដំបូងបង្អស់នៅក្នុងរដ្ឋចំនួន១១នៅសហរដ្ឋអាមរិក ក្នុងអំឡុងខែមេសាឆ្នាំ២០១៩ នៅ Rhode Island និងយឺតបំផុតនៅខែវិច្ឆិកាឆ្នាំ២០១៩ នៅរដ្ឋ Dalaware ។
ក្រុមអ្នកវិទ្យាសាស្ត្រចិន ក៏បានផ្តោតទៅលើរដ្ឋ Maryland ដែលមានមន្ទីរពិសោធន៍ Fort Detrick សម្រាប់កម្លាំងទាហានអាមេរិកស្រាវជ្រាវជីវសាស្ត្រក្នុងសង្គ្រាមត្រជាក់។
នៅពេលនេះដែរប្រភពកូវីដ-១៩នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយភាគីអាមេរិក និងសម្ពន្ធមិត្ត មានចេតនាទម្លាក់ទៅលើប្រទេសចិនឲ្យទទួលខុសត្រូវហើយទាមទារស្រាវជ្រាវទៅលើមន្ទីរពិសោធន៍ជីវសាស្ត្ររបស់ចិន។ ប៉ុន្តែរដ្ឋាភិបាលចិនមិនយល់ព្រម ហើយបើចង់ស្រាវជ្រាវគឺត្រូវតែស្រាវជ្រាវលើមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិកជាមុន៕(ដោយ៖ធីរីណា)
រូបថត៖Getty Images
រូបថត៖ Feature China.