នៅថ្ងៃទី២៥ខែកញ្ញា កូរ៉េខាងត្បូង បានបំបែកកំណត់ត្រាពីចំនួនករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ក្រោយពីពលរដ្ឋវិលត្រឡប់មកពីសម្រាកថ្ងៃបុណ្យសែនព្រះខែដែលកូរ៉េខាងត្បូង ហៅថាបុណ្យ
«Chuseok»។
គណៈកម្មការគ្រប់គ្រង និងបង្ការជំងឺឆ្លងកូវីដ-១៩ របស់កូរ៉េខាងត្បូង (KDCA) បានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះ កើនឡើងដល់ទៅ ៣.២៧៣នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ សរុបអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះកើនឡើងដល់ ២៩៨.៤០២នាក់ក្នុងចំណោមករណីឆ្លងថ្មីជាង៣ពាន់នាក់ ហើយក្នុងនោះនៅទីក្រុងសេអ៊ូលមានដល់ទៅ ១.២២២នាក់ និងខេត្ត Gyeonggi ចំនួន១.១០២ នាក់ ទីក្រុង Incheonមាន២០១នាក់។ ក្រៅពីនេះក៏មានមនុស្ស៧នាក់ស្លាប់ដែរ ធ្វើឲ្យអ្នកស្លាប់កើនឡើងដល់ទៅ ២.៤៤១នាក់។
ចំនួនអ្នកឆ្លងកូវីដ-១៩នៅកូរ៉េខាងត្បូងបានកើនឡើងខ្ពស់ ក្រោយពេលពលរដ្ឋកូរ៉េខាងត្បូង រាប់លាននាក់វិលត្រឡប់មកពីថ្ងៃឈប់សម្រាកបុណ្យសែនព្រះខែ (បុណ្យ Chuseok) ចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី២២ខែកញ្ញា។
តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ មានពលរដ្ឋកូរ៉េខាងត្បូងជាង៣០លាននាក់បានទៅស្រុកក្នុងឱកាសបុណ្យសែនព្រះខែ។
ក្នុងរយៈពេល៨១ថ្ងៃកន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងត្បូងលើសពី១ពាន់នាក់ក្នុងមួយថ្ងៃ ដោយសារតែការឆ្លងកូវីដ-១៩បំប្លែងថ្មីដែលតា។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា ចំនួនអ្នកអ្នកឆ្លងកូវីដ-១៩ អាចនឹងកើនឡើងខ្ពស់ ដោយសារតែនៅមានពលរដ្ឋជាង១លាននាក់រង់ចាំលទ្ធផលធ្វើតេស្ត។
មកទល់ពេលនេះមានពលរដ្ឋកូរ៉េខាងត្បូងចំនួន៣៧,៨លាននាក់ បានចាក់វ៉ាក់សាំង ស្មើនឹង៧៤% ចាក់បានចំនួន១ដូស និងពលរដ្ឋ២៣លាននាក់ចាក់គ្រប់ចំនួនស្មើនឹង៤៥%៕
ដោយ៖ធីរីណា(រូបថត៖Yonhap)