ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបង សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានបញ្ជាក់ថា, ខ្ញុំសូមជម្រាប លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកក្នុងខេត្ត ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដើម្បីចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តស្នើ លោក លោកស្រី អភិបាល នៃ គណៈអភិបាលក្រុង-ស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកក្នុងខេត្ត ចាត់ចែងរៀបចំយន្តការឱ្យ បានសមស្រប ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងន័យនេះ សូម លោក លោកស្រី ចាត់ចែងឱ្យមានតំណាងរដ្ឋបាលក្រុង-ស្រុក រដ្ឋបាល ឃុំ-សង្កាត់ និងសមត្ថកិច្ចពាក់ពាក់ព័ន្ធ ចុះតាមវត្តអារាម ដើម្បីផ្សព្វផ្សាយ ណែនាំដល់គណៈកម្មការវត្ត និងពិនិត្យទូល ព្រះចៅអធិការវត្ត ក្នុងការអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធិភាពខ្ពស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុក និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកក្នុងខេត្ត ចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមលោក លោកស្រី ទទួលនូវការស្រលាញ់រាប់អានអំពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖