ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម​ ផ្ដល់ជូនប្រជាពលរដ្ឋ២៤៩គ្រួសារ ក្នុងនោះមានវិជ្ជមានកូវីដ- ១៩​ចំនួន១៧២នាក់ ដែលស្ថិតក្នុងតំបន់បិទខ្ទប់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ទី២៥ ខែកញ្ញា​ ឆ្នាំ​២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយលោក ខាន់ ម៉ាណេរ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកស្រី​ ផ្ដល់ជូនប្រជាពលរដ្ឋ២៤៩គ្រួសារ ក្នុងនោះមានវិជ្ជមានកូវីដ-១៩ ចំនួន១៧២នាក់ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ នៅភូមិព្រាលនិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រុមការងារក្រឡាហោមមនុស្សធម៌ដែលបានរួមដំណើរជាមួយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកស្រី​ ញ៉ែម សាខន ស ខេង ផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមមាន លោក ចន្ទ សុផល អ្នកតំណាងរាស្រ្ត ,លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ,លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត ,លោក សំអុល ធារិទ្ធ ប្រធានពន្ធនាគារខេត្ត និងលោក ព្រួញ រិទ្ធថា ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត ។

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកស្រី​ ដែលក្រុមការងារក្រឡាហោមមនុស្សធម៌ បានផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ហើយដែលមួយចំនួនក៏មានសមាជិកវិជ្ជមានកូវីដ-១៩ផងនោះ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់ និងអាល់កុល ។  

នាឱកាសនេះ​ លោក​ ខាន់ ម៉ាណេរ ក៏បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចក្រឡាហោម និងលោកស្រី​ ជូនចំពោះប្រជាពលរដ្ឋ ក្នុងនោះសម្ដេចក៏បានជម្រាបជូនដែរថា អំណោយដែលបានផ្ដល់ជូននេះគឺជាការគិតគូរពីសុខទុក្ខបងប្អូនបន្ថែមលើអំណោយធំៗដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្ដល់ជូនបងប្អូនចំនួន៣ជាពិសេស ។

អំណោយធំៗទាំង៣ ដែលសម្ដេចក្រឡាហោម បានផ្ដាំផ្ញើឱ្យជម្រាបជូនបងប្អូនប្រជាពលរដ្ឋនោះរួមមាន ១.គឺជីវិត សំដៅដល់ការរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍, ទី២ គឺសន្តិភាព សំដៅលើការនាំមកនូវសន្តិភាពជូនជាតិ និងប្រជាជនទាំងស្រុងក្រោមនយោបាយឈ្នះៗ និងអំណោយធំទី៣ គឺការអភិវឌ្ឍលើគ្រប់វិស័យ ។

ភ្ជាប់ជាមួយគ្នានេះដែរ លោក ខាន់ ម៉ាណេរ រួមទាំងក្រុមការងារក្រឡាហោមមនុស្សធម៌ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមរួមគ្នាការពារសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមរយៈការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺនេះ ជាពិសេសការអនុវត្តវិធានការ ៣កុំ ៣ការពារឱ្យបានជាប្រចាំ ៕

ដោយ​៖សហការី​


ចែករំលែក៖