ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចុះផ្សព្វផ្សាយអំពីការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នៅថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ចំនួន ៥១គ្រួសារ (ស្មេីនឹង ២០២នាក់, ស្រី ៨៩នាក់) ស្ថិតនៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ការផ្សព្វផ្សាយនេះ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ត្រៀមខ្លួនក្នុងការទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ-១៩ នេះ ដែលជាជំងឺមួយធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងពិភពលោកក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភជាខ្លាំង ដោយអនុវត្តតាមវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចតទៅ៖

*១.លាងដៃនឹងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល ឲ្យបានញឹកញាប់។ 

*២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។ 

*៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់។ 

*៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ​ ។ 

*៥.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ​។ 

*៦.សម្អាតនិងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។

ដោយ​ឡែក​សម្រាប់​ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ។ ក្រៅពីការផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ ក្រុមការងារសាខា ក៏បានបញ្ជ្រាបពីការគ្រប់គ្រងគ្រោះមហន្តរាយជូនដល់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖